Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ក្រុមប្រឹក្សា មិនមែនអ្នកនាំពាក្យ

បរិយាយថ្ងៃនេះ ៖ ក្រុមប្រឹក្សា មិនមែនអ្នកនាំពាក្យ

ករណីរាជរដ្ឋាភិបាល បង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” ដោយអញ្ចើញប្រធាន-អនុប្រធានគណបក្ស គ្មានអាសនៈក្នុងរដ្ឋសភាមកធ្វើ ដោយមានឋានៈស្មើរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីនោះ ស្រាប់តែត្រូវពួកប្រឆាំងរិះគន់ជុំទិស សូម្បីអ្នកគាំទ្របក្សកាន់អំណាច ក៏លួចថាពីក្រោយខ្នងដែរ។ ទោះយ៉ាងណា សុភាសិតបារាំង​ថា “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថា អីថាទៅ” (Fais bien et laisse-le dire) គួរតែយកមកអនុវត្តក្នុងកាលៈទេសៈនេះ ព្រោះថា“ក្រុមប្រឹក្សា មិនមែនអ្នកនាំពាក្យ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឧត្តមក្រុមប្រឹក្សា” មានន័យថា ជាក្រុមមនុស្សសម្រាប់ប្រជុំបញ្ចោញមតិយោបល់ រិះគន់ កែលម្អ ឬជាក្រុមមនុស្សថ្នាក់ខ្ពស់ សម្រាប់ផ្តល់យោបល់ដល់ថ្នាក់ដឹកនាំប្រទេស។ រីឯ “អ្នកនាំពាក្យ” គឺជាក្រុមមនុស្សដែលគេប្រើឱ្យយកពាក្យសម្តីថ្នាក់ដឹកនាំ ទៅ “បញ្ជ្រាបជាសាធារណៈ” ឬថាវែកញែកឱ្យបានក្បោះក្បាយតាមសម្តីដើម ដែលមិនខុសពីការបកស្រាយសុភាសិត ត្រូវតែវែកញែកឱ្យស្របប្រធានបទ។ បើថ្នាក់លើ ឱ្យនិយាយពី “គោ“ អ្នកនាំពាក្យត្រូវតែពន្យល់ពាក្យ “គោ” ឱ្យបានក្បោះក្បាយ ដូចជា គោនោះសម្បុរយ៉ាងម៉េច? ខ្លាំងឬខ្សោយ? ទឹមស្រួល ឬដាក់នឹម? ពោលគឺបញ្ជ្រាបជូនប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ តែពីរឿងគោ ដោយមិនអាចនិយាយហួសដល់រឿង “ក្របី” បានឡើយ។ រវាង “ឧត្តមក្រុមប្រឹក្សា” ចាំតែផ្តល់យោបល់ កែលម្អរិះគន់ មិនត្រូវចាំតែនាំពាក្យថ្នាក់លើទៅបញ្ច្រាបជាសាធារណៈនោះទេ ចំណែកអ្នកនាំពាក្យ មិនអាចផ្តល់យោបល់ កែលម្អ រិះគន់ថ្នាក់ដឹកនាំបានឡើយ គឺចាំតែពាំនាំពាក្យសម្តីថ្នាក់ដឹកនាំ ទៅពន្យល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ឥឡូវ “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់់“ ចាប់ដំណើរការហើយ ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រី ១៥នាក់ ឋានៈស្មើរដ្ឋមន្ត្រី ១៥នាក់។ អស់លោក លោកស្រីទាំង៣០រូបនេះ សុទ្ធតែមានព្រះរាជក្រឹត្យតែងតាំងជាផ្លូវការ មិនអាចធ្វើជាអ្នកនាំពាក្យបក្សកាន់អំណាច ឬជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឡើយ ប៉ុន្តែអនុវត្តភារកិច្ចស្នូល ដែលបានចែងទុករួចមកហើយ។ ជាកិច្ចចាប់ផ្តើម យើងឃើញលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង “ប្រធានគណបក្សខ្មែរក្រោក” ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី ប្រកូកប្រកាសតាមហ្វេសប៊ុកថា លោកនឹងចុះទៅដោះស្រាយទំនាស់ជូនពលរដ្ឋនៅខេត្តព្រះសីហនុ ពាក់ព័ន្ធរឿងដីធ្លី និងបញ្ហាការចាក់ដីលុបឆ្នេរសមុទ្រ។ ទន្ទឹមគ្នានេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជាសមាជិកឧត្តមក្រុមប្រឹក្សា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីដែរ ក៏ចាប់ផ្តើមដាក់ពាក្យបណ្តឹងចោទប្រកាន់យុវជនម្នាក់ ជាអតីតសកម្មជននៃអតីតបក្សសង្គ្រោះជាតិ ពីបទជេរប្រមាថ។ ចំណែកអស់លោក លោកស្រី ឯទៀតនៅក្នុងឧត្តមក្រុមប្រឹក្សានោះ ទំនងជាកំពុងបត់ជើងខោ មូរដៃអាវ បំពេញភារកិច្ចស្នូលនេះហើយ តែមិនទាន់ដឹងត្រូវចាប់ផ្តើមពីអ្វីមុន។

យោងតាមព្រះរាជក្រឹត្យប្រគល់តួនាទីនោះ ចំណុចសំខាន់នៅត្រង់ “ផ្តល់យោបល់” ដូច្នេះសួរថា “តើយោបល់អ្វីដែលត្រូវផ្តល់?” ឬមួយចាំតែគេសួរ ទើបឆ្លើយ? ឬថា “បើគ្មានសំណួរ មិនដឹងជាឆ្លើយពីអ្វី?” ចំណុចស្នូលនេះ ក៏មានតាៗញៀន កាហ្វេមួយចំនួន ជួយជំរុញថា ត្រូវផ្តល់យោបល់តាមតែគោលការណ៍ ឬគោលនយោបាយគណបក្ស មុនពេលបោះឆ្នោតជាការល្អបំផុត។ តាញៀនកាហ្វេម្នាក់ និយាយថា “បក្សមួយួនោះ សន្យាទាមទារកោះត្រល់មកវិញ ត្រូវផ្តល់យោបល់នេះទៅរដ្ឋាភិបាល ចំណែកបក្សមួយទៀត ដែលសន្យាដេញជនអន្តោប្រវេសន៍ឱ្យអស់នោះ ក៏គួរផ្តល់យោបល់នេះដូចគ្នា ដើម្បីឱ្យរដ្ឋាភិបាល ដោះស្រាយ”។ តាញៀនកាហ្វេម្នាក់ទៀត ព្រោកប្រាជ្ញថា “ចំណែកបក្សឯទៀត ធ្លាប់សន្យាយ៉ាងនេះយ៉ាងនោះ ពេលឃោសនាបោះឆ្នោត ត្រូវតែសើរើពាក្យឃោសនានោះ ឱ្យចេញជាយោបល់ទៅរដ្ឋាភិបាល កុំចាំគេសួរ”។

ដូច្នេះយើងឃើញថា “ស្គរល្ខោនចាប់ផ្តើមគោះហើយ“ តម្រូវឱ្យសិល្បករ សិល្បការិនី នៅក្នុង “វង់ឧត្តមក្រុមប្រឹក្សា” ចេញសម្តែងរឿងឱ្យល្អមើល ចៀសវាងខាតលុយទិញសំបុត្ររបស់ទស្សនិកជន។ បើវង់ល្ខោននេះ លេងមិនល្អមើល នឹងបាត់បង់ទស្សនិកជន អស់អ្នកជួល ខាតលាភសក្ការៈ ឬថាជួនកាលមិនបានចប់អាណត្តិផង ក៏ត្រូវចែកផ្លូវគ្នាដើរ។

ហេតុនេះ “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” មិនអាចនៅស្ងៀមស្ងាត់ចាំតែដាច់ខែ បើកលុយនោះឡើយ ចាំបាច់ត្រូវតែបញ្ចោញសមត្ថភាព “រិះគន់ស្ថាបនា” តែកុំ “រិះគន់ជាន់ពន្លិច” ទើបល្អ។ ឧត្តមក្រុមប្រឹក្សាគួរយកគំរូតាម “ព្រះមហោសថ” ដែលលោកតែងផ្តល់យោបល់ជួយតម្រង់ផ្លូវ “ព្រះបាទវិទេហរាជ” ជួនកាលក៏ហ៊ានរិះគន់ស្តេច បែបបញ្ឆិតបញ្ឆៀងថា “ត្រីល្មោភស៊ីនុយ បានត្រឹមផ្លែសន្ទួចជាប់មាត់” នៅពេលដែលព្រះបាទវិទេហរាជ ឈ្លក់វង្វេងស្រលាញ់ “ព្រះនាងបញ្ចាលចន្ទី” រហូតជាប់អន្ទាក់ស្រីស្អាត។ ផ្ទុយទៅវិញ ក្រុមប្រឹក្សា៤នាក់ រួមមាន “អាចារ្យសេនក អាចារ្យបុក្កុស អាចារ្យ កាមិន្ទ និងអាចារ្យទេវិន្ទ មិនដែលផ្តល់មតិយោបល់ល្អដល់ស្តេចទេ បានត្រឹមបញ្ចើចបញ្ចើ ដើម្បីលាភសក្ការៈ បណ្តាលឱ្យព្រះមហាក្សត្រលង់ចាញ់ល្បិចគូសត្រូវ។

យ៉ាងណាមិញ “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់” ត្រូវតែធ្វើតាមតួអង្គព្រះពោធិសត្វ ជួយតម្រង់ផ្លូវថ្នាក់ដឹកនាំ ដោយប្រមូលគំនិតផ្ទាល់ខ្លួន ឬគំនិតអ្នកប្រាជ្ញបុរាណាចារ្យ មកធ្វើប្រធានបទ ក្នុងការផ្តល់យោបល់។ បើធ្វើការល្អ អាចនឹងឡើងបុណ្យស័ក្តិខ្ពស់ជាងនេះទៀត ប៉ុន្តែបើ “បង្ហិនប្រាក់ខែរាស្ត្រ” ដូចអ្វីដែលពួកប្រឆាំងរិះគន់នោះ ជាករណីគួរចៀសវាង។

ក្រុមប្រឹក្សាដែលល្អ គឺនៅត្រង់គោរពតាមឆន្ទៈរាស្ត្រ សិក្សាឱ្យបានច្បាស់ពីវត្ថុបំណងប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វី? ឧបមាថា ពួកគាត់ចង់បាន “សង្គមស្អាតស្អំ” ឬគ្មានបក្ខពួក គ្រួសារនិយម លុះត្រាតែក្រុមប្រឹក្សា ចាប់យកចំណុចនេះ មកដាក់ក្នុងសំណេរផ្តល់យោបល់ទៅរដ្ឋាភិបាល។ ក្រុមប្រឹក្សាដែលល្អ ទោះអ្នកណាថា អ្នកណារិះគន់ សើចចំអកយ៉ាងណា ក៏មិនតបតដែរ ស្របតាមសុភាសិតបារាំង “ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថាអីថាទៅ” ប៉ុន្តែបើរវល់តតាំងនឹងអ្នករិះគន់ អ្នកសើចចំអកនោះ ឈ្មោះថា “ខ្វះធម៌ខន្តី” ហើយបើគ្មានធម៌ខន្តី វានាំឱ្យមាន “ទោសៈ” បើមានទោសៈ នាំឱ្យអន្តរាយដល់ខ្លួន ដែលជាព្រះពុទ្ធដីកា បន្សល់ទុកមក។

ដូចលើកឡើងខាងលើរួចហើយថា “ភារកិច្ចក្រុមប្រឹក្សា មិនដូចអ្នកនាំពាក្យនោះទេ ព្រោះអ្នកនាំពាក្យ គ្រាន់តែពង្រីកសំឡេងថ្នាក់ដឹកនាំឱ្យឮខ្ចរខ្ចាយតែប៉ុណ្ណោះ មិនអាចនិយាយអ្វីឱ្យហួសពីការបង្គាប់នោះឡើយ”។ ផ្ទុយទៅវិញ ឧត្តមក្រុមប្រឹក្សា បើធ្វើជាអ្នកនាំពាក្យដែរនោះ “អស់តម្លៃរលីង” ជួនកាលអាចធ្វើឱ្យប្រជាពលរដ្ឋត្អួញត្អែរពីការខាតបង់ប្រាក់ពន្ធដារ ត្រា ភាស៊ី របស់គាត់ ដែលខំបង់ជូនរដ្ឋ បែរជាយកទៅចំណាយខុសខ្ទង់ ដូចអ្វីដែលលោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ធ្លាប់ត្អូញត្អែរពីរឿងស្តាយលុយពន្ធជាង ១០ម៉ឺនដុល្លាររបស់គាត់។ ឥឡូវដល់ពេលវេលាចេញដំណើរហើយ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលសកម្មភាពអស់លោក-លោកស្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទាំងនោះហើយ។ រាស្ត្រចង់ដឹងថា តើយោបល់អ្វីខ្លះ? ភារកិច្ចអ្វីខ្លះដែលត្រូវបំពេញនោះ ដើម្បីឱ្យមានតុល្យភាពជាមួយនឹងប្រាក់បង់ពន្ធរបស់ពួកគាត់ ដោយសង្ឃឹមថា នឹងបានផ្លែផ្កាមិនខាន ព្រោះមនុស្សដាំដូង ចង់បានផ្លែដូង ដាំក្រុមប្រឹក្សា ចង់បានយោបល់ល្អៗ ឱ្យសង្គមរីកចម្រើន មិនមែនដាំដូងចង់បាន “ដូងស្ត” នោះទេ។

សរុបទៅ “ក្រុមប្រឹក្សា មិនមែនអ្នកនាំពាក្យ “ មានន័យយ៉ាងនេះឯង សំដៅដល់ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋ បាំងដៃចាំមើលសកម្មភាពក្រុមអ្នកផ្តល់យោបល់។ ហេតុនេះ គួរតែអស់លោក-លោកស្រី ក្នុងឧត្តមក្រុមប្រឹក្សា កុំធ្វើឱ្យរាស្ត្រខកចិត្ត ព្រោះ “អ្វីដែលបានមកស្រួល បាត់បង់ទៅវិញក៏ស្រួលដែរ” ដែលជាបរិបទសម្រាប់ពិចារណាទាំងអស់គ្នា៕

RELATED ARTICLES