Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ស្លាប់បានខ្ពស់ រស់បានល្បី

បរិយាយថ្ងៃនេះ ៖ ស្លាប់បានខ្ពស់ រស់បានល្បី

ពាក្យស្លោកមួយថា “ស្លាប់បានខ្ពស់ រស់បានល្បី” មានអត្ថន័យអប់រំអ្នកនយោបាយ ឬបុគ្គលសំខាន់ៗ ឱ្យព្យាយាមកសាងខ្លួន ពេលរស់នៅទទួលបានភាពល្បីរន្ទឺ លុះពេលចែកឋានទៅកាន់បរលោក ក៏នៅតែមានកិត្តិស័ព្ទខ្ពង់ខ្ពស់ជានិរន្តរ៍។ ករណីលោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ (Beat Richner) ដែលជាជនជាតិស្វីស បានកសាងអំពើល្អតាំងពីគាត់នៅរស់ រហូតដល់ទទួលមរណភាព ទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តម គឺជាគំរូសម្រាប់អ្នកនយោបាយខ្មែរ ដើរតាម ស្របទៅតាមពាក្យស្លោក “ស្លាប់បានខ្ពស់ រស់បានល្បី” ដែល “នគរធំ” សូមលើកពីវីរភាពរបស់គ្រូពេទ្យម្នាក់នេះ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ មានដើមកំណើតស្វីស បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ លើឯកទេសផ្នែកជំងឺកុមារ លោកបានស្ម័គ្រចិត្តចូលមកធ្វើការក្នុងប្រទេសកម្ពុជា ពីឆ្នាំ១៩៧៤-១៩៧៥ នាសម័យសង្គ្រាម ក្នុងតួនាទីជាមន្ត្រីកាកបាទក្រហមប្រទេសស្វីស ជាមរតករបស់លោកឌុយណង់។ ដោយស្ថានការណ៍សឹកមិនអំណោយផល លោករិចឆ្នឺរ ក៏បានចាកចេញពីកម្ពុជា វិលទៅប្រទេសស្វីស វិញ មុនថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លោករិចឆ្នឺរ បានវិលមកកម្ពុជាវិញ តាមការអញ្ជើញរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ ជាឱកាសឱ្យលោកក្លាយជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា ដែលយកព្រះនាមព្រះរាជបុត្រីរបស់សម្តេចឪ មកដាក់ ដោយហេតុថា ម្ចាស់ក្សត្រីគន្ធបុប្ជា បានសុគតតាំងពីព្រះជន្ម ៤វស្សា ដោយសាររោគកុម៉ារ។ តាំងពីពេលនោះមក លោករីចឆ្នឺរ បានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់ម៉ឺននាក់ ដោយមិនខ្លាចនឿយហត់ តាមរយៈឯកទេសរបស់គាត់។ អ្វីដែលប្រជាពលរដ្ឋខ្មែរ មិនភ្លេចនោះ ត្រង់លោកវេជ្ជបណ្ឌិត បានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៩ ដោយចោទប្រកាន់អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបំពានអនុសញ្ញាស្តីអំពីសិទ្ធិកុមារ”។ បណ្តឹងរបស់លោករិចឆ្នឺរ ដើម្បីទាមទារពីករណី “ឱសថគុណភាពអន់ ប្រើសម្រាប់អ្នកក្រ ក្នុងប្រទេសក្រីក្រ” ព្រមទាំងប្តឹងទារសំណងជំងឺចិត្ត ប្រមាណ៨០០លានដុល្លារ សម្រាប់រដ្ឋាភិបាលកម្ពុជា។ តាំងពីពេលនោះមក កុមារកម្ពុជា ក៏បានទទួលការព្យាបាលស្មើភាពគ្នាជាមួយបណ្តាកុមារនៅប្រទេសអ្នកមាន ដោយគុណភាពឱសថមានតម្លៃដូចគ្នា។

ក្រៅពីការព្យាបាលដ៏ប៉ិនប្រសប់ លោកគ្រូពេទ្យនេះ ចេះកូតវីយ៉ូឡុង ពីរោះណាស់ សម្រាប់បំពេក្មេងៗឱ្យធូរស្រាលពីជំងឺ និងដើម្បីប្រមែប្រមូលថវិកាពីសប្បុរសជននានា ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ជា។ ជាចុងក្រោយ បន្ទាប់ពីបម្រើសុខភាពកុមារ រយៈពេល២៦ឆ្នាំ លោករិចឆ្នឺរ ក៏ធ្លាក់ខ្លួនមានជំងឺខ្លួនឯង រហូតលាឈប់ពីការងារ និងវិលទៅព្យាបាលជំងឺនៅប្រទេសកំណើតវិញ ហើយទីបំផុត លោកបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ បន្សល់ទុកនូវក្តីអាឡោះអាល័យស្តាយស្រណោះពីប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជន យុវតី ដែលកាលនៅកុមារ ធ្លាប់មានជំងឺ ហើយបានលោកគ្រូពេទ្យចិត្តធម៌ ជួយព្យាបាល មិនអាចបំភ្លេចគុណមនុស្សល្បីនេះបានឡើយ។

និយាយរួម លោកដុកទ័រ រិចឆ្នឺរ ដណ្តើមបានកិត្តិយសឧត្តុង្គឧត្តមណាស់ ស្របតាមពាក្យស្លោកថា “ស្លាប់បានខ្ពស់ រស់បានល្បី” នេះឯង។ ក្រៅពីប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមមរណទុក្ខសពរបស់លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ ក៏បានទទួលគ្រឿងឥស្សរិយសប្រោសព្រះរាជទានពីព្រះមហាក្សត្រកម្ពុជា ដែលមិនធ្លាប់មានពីមុន។ គ្រឿងឥស្សរិយយសនេះ មានឈ្មោះថា “មហាកណ្ឋាភណ្ឌ ឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា”។ ពាក្យថា “កណ្ឋាភណ្ឌ” ជាភាសាបាលី មានន័យថា “គ្រឿងប្រដាប់សម្រាប់ពាក់នៅក” ហើយបើថែម “មហា” ពីមុខទៀត មានន័យថា “គ្រឿងឥស្សរិយយសធំបំផុត សម្រាប់ពាក់នៅក” ពោលគឺធំជាងគ្រឿងឥស្សរិយយសថ្នាក់ជាតិ ដូចជា “មេដាយជាតូបការ” ដែលនាហ្មឺនធំៗបានទទួល។ មេដាយជាតូបការ មានន័យថា មានគុណបំណាច់ចំពោះជាតិ ប៉ុន្តែលោករិចឆ្នឺរ ធ្វើសកម្មភាពមនុស្សធម៌ជា “អន្តរជាតិ” គួរតែត្រូវទទួល “រង្វាន់ណូបែល” ទើបសម។

ដូច្នេះយើងឃើញថា ពេលនៅរស់ លោករិចឆ្នឺរ ល្បីល្បាញខ្លាំងណាស់ លុះគាត់ស្លាប់ កិត្តិយសងើបខ្ពស់ត្រដែត ឬ “ស្លាប់បានខ្ពស់ រស់បានល្បី” ដែលអ្នកនយោបាយខ្មែរ គួរយកជាគំរូ។ អច្ឆរិយបុគ្គល ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះយេស៊ូ ព្រះមហាម៉ាត់ ពេលព្រះអង្គនៅគង់ព្រះជន្ម ល្បីល្បាញខ្លាំងណាស់ លុះអស់ព្រះជន្មាយុ ក៏ត្រូវបរិស័ទតម្កុំតម្កើងឱ្យខ្ពស់ត្រដែតត្រដឹម។ អ្នកនយោបាយក៏យ៉ាងនោះដែរ ដូចសម្តេចឪ ព្រះបរមរតនកោដ្ឋ កាលគង់ព្រះជន្ម ល្បីរន្ទឺពេញពិភពលោក លុះព្រះអង្គសោយព្រះទិវង្គត បណ្តាលឱ្យកូនចៅប្រជារាស្ត្រស្រក់ទឹកភ្នែកយំយែកសោកស្តាយ នាំគ្នាមកជួបជុំមុខព្រះបរមរាជវាំង បួងសួង បង្សុកូល សូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គបានទៅគង់សណ្ឋិតក្នុងព្រះបរមសុគតិភព។

ផ្ទុយទៅវិញ អាដុល ហ៊ីត្លែរ មេដឹកនាំអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី២ ក៏ដូចប៉ុល ពត មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ សុទ្ធតែបាតដៃលោហិតដូចគ្នានោះ ពេលនៅរស់ល្បីណាស់ លុះស្លាប់ទៅ ក៏ជាប់ឈ្មោះអសោចិ៍អប្រិយ ខ្មោចកប់ចោលកណ្តាលព្រៃ គ្មានអ្នកណាធ្វើបុណ្យឱ្យ។ គួរយល់ថា ភាពល្បីរបស់អ្នកនយោបាយ មាន២យ៉ាង គឺ “១-ល្បីព្រោះអំពើល្អ” និង “២-ល្បីព្រោះអំពើឃោរឃៅ” ពោលគឺបើល្បីព្រោះអំពើល្អ ពេលស្លាប់ទៅ ត្រូវមនុស្សជាតិលើកតម្កើង តែបើឃោរឃៅ ព្រៃផ្សៃ ពេលនៅរស់ “កប់ពពក” លុះដល់ស្លាប់ “ជ្រកអាចម៍ជន្លេន” ចៀសមិនផុត។

ងាកមកករណីលោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ ឃើញថា កម្រមានបុគ្គលណាធ្វើបានប្រហែលលោកណាស់ ព្រោះមួយជីវិតនោះ លោកគ្មានចង់បានអ្វីក្រៅពី “សង្គ្រោះកុមារកម្ពុជា” នោះឡើយ។ ជាកិច្ចតបស្នងសងគុណលោក ក៏មានជាងចម្លាក់ម្នាក់ ឈ្មោះសៀន កាម៉ង់ដង់ ដែលធ្លាប់ឆ្លាក់រូបសំណាកលោកបណ្ឌិតកែម ឡី បានស្ម័គ្រចិត្តធ្វើរូបសំណាក “វីរបុរសជនជាតិ ស្វីស” ដោយមិនគិតថ្លៃឈ្នួល។ ទន្ទឹមនោះ ក៏មានសម្បុរជននានា ប្រកាសចូលរួមថវិកាដើម្បីសាងរូបសំណាកលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ធ្វើពីស្ពាន់ ទំហំធំជាងមនុស្ស តំណាងឱ្យវីរបុរសមានបេះដូងខ្មែរ។ បើសិនជារដ្ឋាភិបាល មានគម្រោងកសាងរូបសំណាក កុំថាត្រឹមធ្វើពីស្ពាន់ ទោះបីស្រោបមាស ក៏មិនខ្វះអ្នកចាប់កុសលដែរ ដោយសារតែគុណសម្បត្តិលោករិចឆ្នឺរ ធំធេងណាស់។

តើអ្នកនយោបាយខ្មែរ ដែលកំពុងទាស់ទែងខ្វែងគំនិតគ្នានោះ អាចធ្វើបានប្រហែលលោករិចឆ្នឺរ ដែរឬយ៉ាងណា? បើតាមឃ្លាំមើល អាចធ្វើបាន ឬថា “ដណ្តើមបានភាពល្បីល្បាញ ពេលនៅរស់” លុះដល់ពេលចែកឋាន ពុំដឹងថា ថ្កុំថ្កើងរុងរឿង ឬយ៉ាងណាឡើយ។ ប៉ុល ពត កាលនៅរស់ បានបញ្ជាឱ្យគេសិតរូបសំណាកគាត់ ដាក់រហស្សនាមថា “អគ្គមគ្គុទ្ទេសក៍ មហាអស្ចារ្យ មហាលោតផ្លោះ” លុះគាត់អស់អំណាច រូបសំណាកនោះ មិនដឹងនៅឯណាទេ។ អ្នកនយោបាយ ក៏ដូចមនុស្សសំខាន់ៗ លើកិច្ចការសង្គម តក្កវិជ្ជា ទស្សនវិជ្ជា បើល្បីកាលនៅរស់ ត្រូវលៃយ៉ាងណាឱ្យបានខ្ពង់ខ្ពស់ពេលស្លាប់ទៅ ទើបមានតម្លៃជាអមតៈ។

សរុបទៅ ពាក្យស្លោកថា “ស្លាប់បានខ្ពស់ រស់បានល្បី” មានខ្លឹមសារអប់រំបុគ្គលជាន់ខ្ពស់ មិនមែនអប់រំមនុស្សជាន់ទាប នោះទេ ព្រោះមនុស្សថ្នាក់ទាប ដូចជា កសិករ កម្មករ ជាដើម ទោះជាខំព្យាយាមកសាងខ្លួនយ៉ាងណា ក៏មិនល្បី មិនខ្ពស់នោះដែរ។ ហេតុនេះគួរតែអ្នកនយោបាយខ្មែរ គ្រប់និន្នាការ ប្រឹងប្រែងដណ្តើមឱ្យបានកេរ្តិ៍ឈ្មោះឧត្តុង្គឧត្តម ដូចលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដើម្បីទុកជាគំរូដល់អ្នកនយោបាយស្រករក្រោយទៀត៕

RELATED ARTICLES