Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ស្រាល្អ មិនបាច់ឃោសនា

បរិយាយថ្ងៃនេះ ៖ ស្រាល្អ មិនបាច់ឃោសនា

សុភាសិតបារាំង ១ឃ្លា ថា “ស្រាល្អ ពុំចាំបាច់លើកយីហោឃោសនាទេ” (A bon vin point d’enseigne) មានខ្លឹមសារអប់រំពាណិជ្ជករ ផលិតករ បើបង្កើត ឬផលិតអ្វីបានប្រកបដោយគុណភាព ទោះមិនបាច់អួត ក៏មិនខ្វះអតិថិជនគាំទ្រ។ គណបក្សនយោបាយ ក៏យ៉ាងនេះដែរ បើបក្សកាន់អំណាច ដណ្តើមបាន១២៥អាសនៈ ក្នុងរដ្ឋសភា ទៅហើយនោះ មិនបាច់ឃោសនាទៀតទេ តែត្រូវ “អនុវត្តឱ្យឃើញជាក់ស្តែង” តែម្តង ដែល “នគរធំ” សូមលើករឿង “ស្រាល្អ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ “ស្រាល្អ មិនបាច់ឃោសនា” គឺសំដៅដល់ផលិតផលសុរាគ្រប់ប្រភេទ ទាំងក្នុងស្រុក និងក្រៅស្រុក រួមមានស្រា-ស ស្រាំថ្នាំដាក់ដប ស្រាថ្នាំដាក់ក្រឡ ស្រាបៀរគ្រប់ប្រភេទ បើអ្នកបិតស្រា ប៉ិនប្រសប់ក្នុងការផ្សំរូបមន្ត វត្ថុធាតុដើមតាមក្បួនខ្នាត និងតម្រូវការទីផ្សារធ្វើឱ្យស្រានោះឆ្ងាញ់ពិសា មិនខ្វះអ្នកទិញ។ ផ្ទុយទៅវិញ បើអ្នកបិទស្រា មិនប្រសប់ គ្មានបទពិសោធន៍ ស្រានោះវាមិនឆ្ងាញ់ គ្មានអ្នកទិញបានត្រឹមខាងឡុងចុង ហួសសុពលភាព ក្ស័យធនតែប៉ុណ្ណោះ។ សព្វថ្ងៃប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ចូលចិត្តស្រាបៀរ ត្រាំទឹកកក មិនសូវចូលចិត្តស្រា.ស ឬស្រាថ្នាំ ត្រាំបណ្តូលពេជ្រ ឬឆ្អឹងសត្វដាក់ក្រឡនោះឡើយ។ ស្រាបៀរ ដែលកំពុងពេញនិយមនៅកម្ពុជា មានស្រាបៀរកម្ពុជា អង្គរ អានឆឺរ  ABC ហ្គេនស្បឺកខ៍ ជាដើម ឃើញថា រោងចក្រផលិតលក់ស្ទើរមិនទាន់។ ស្រាបៀរទាំងអស់នេះ បានលើកយីហោឃោសនាគ្រប់ទីកន្លែង ទាក់ទាញអតិថិនជន ប៉ុន្តែទោះជាមិនបាច់ឃោសនា ក៏អ្នកផឹកស្គាល់រសជាតិអស់ទៅហើយ ពេលចូលហាង ឬជប់លៀងមង្គលការ ជាដើម ក៏កុម្មង់ទិញតែស្រាបៀរប៉ុន្មានយីហោហ្នឹង។

យ៉ាងណាមិញ គណបក្សប្រជាជនកម្ពុជា (CPP) អាចប្រៀបធៀបទៅនឹងស្រាល្អ ឬ “ស្រា CPP” ដែលប្រជាពលរដ្ឋខ្មែរ ធ្លាប់ស្គាល់រសជាតិតាំងពីក្រោយបែករបបប៉ុល ពត មក។ ស្រាបៀរនេះ ចេញលក់ជាង៣០ឆ្នាំហើយ នៅតែមានអ្នកផឹកមិនចេះស្រកស្រុត ទោះបីជាមាន “ស្រាបៀរ CNRP” មកដណ្តើមទីផ្សារ ក៏នៅតែមិនឈ្នះ “ស្រាបៀរ CPP”។ ចូលមកដល់អាណត្តិទី៦នេះ “ស្រាបៀរ CPP” យកឈ្នះដាច់ ដោយបានផ្តួល “ស្រាបៀរ LDP” “ស្រាបៀរហ៊្វុនស៊ិនប៉ិច” ក៏ដូចស្រាបៀរ យីហោផ្សេងទៀតឱ្យ “ក្ស័យធន” តែម្តង ដោយដណ្តើមបានអ្នកផឹកជាង៨៣ភាគរយ នៅទូទាំងប្រទេស។ ដោយអាណិតអាសូរក្រុមហ៊ុនស្រាបៀរជាង១០យីហោទៀត ដែលលក់មិនដាច់ ទើបក្រុមហ៊ុនស្រាបៀរ CPP បានជួយជ្រោមជ្រែងហៅ “ថៅកែក្រុមហ៊ុនលក់មិនដាច់” ទាំងនោះ មកជួយពិគ្រោះយោបល់ ចែក “ភាគហ៊ុនចំណេញខ្លះ” ឱ្យរស់ត្រឹកៗ មិនឱ្យអស់សង្ឃឹមនោះទេ។

ដូច្នេះ យើងឃើញថា “ស្រាបៀរ CPP” ល្អហើយ ល្បីហើយ ឈ្នះហើយ រឿងអីទៅខំរវល់លើកយីហោឃោសនាទៀតនោះ នាំឱ្យខាតពេលវេលា។ តាំងពីជាប់ឆ្នោត ១២៥អាសនៈ ក្នុងរដ្ឋសភា មក អ្នកតាមដាននយោបាយឃ្លាំមើលឃើញថា មន្ត្រី CPP តាំងពីលើដល់ក្រោមឱ្យតែចុះទៅដល់មូលដ្ឋានណា ដឹងតែពី “សន្យាយ៉ាងនេះយ៉ាងនោះ” ខ្លះទៀតឃោសនាថា  “គណបក្សប្រជាជនកម្ពុជា ជាខ្ញុំបម្រើរាស្ត្រ” ខ្លះទៀតថា “ប្តេជ្ញាបង្ក្រាបអំពើពុករលួយឱ្យអស់ពីសង្គមខ្មែរ”។ មានន័យថា ការសន្យា ឬការប្តេជ្ញានេះ មិនខុសពី “លើកយីហោឃោសនាស្រាបៀរ” ឬថា “ស្រាល្អហើយ នៅតែឃោសនាមិនឈប់” ដែលមិនស្របទៅតាមសុភាសិតថា “ស្រាល្អ ពុំចាំបាច់លើកយីហោឃោសនាទេ”។

បើសុភាសិតហាមយ៉ាងនេះទៅហើយ តើក្រុមហ៊ុនស្រាបៀរ CPP ត្រូវធ្វើយ៉ាងណា? ចំណុចនេះ យើងសូមផ្តល់យោបល់ថា “គំរូល្អ ជាការទូន្មានប្រសើរបំផុត” ពោលគឺ មន្ត្រី CPP គ្រប់លំដាប់ថ្នាក់ ត្រូវចូលដល់ “ដំណាក់កាលអនុវត្ត” មិនមែន “ដំណាល់កាលឃោសនា” នោះទេ។ ការអនុវត្តនេះសំខាន់ណាស់ ដោយគេមិនចាំបាច់និយាយវែងឆ្ងាយទេ។ ឧទាហរណ៍ បើដឹងថា ផ្លូវលំណាក្រហេងក្រហូង សម្បុកមាន់ ក៏ចាប់ផ្តើមជួលជុលព្រឹបៗ មិនចាំបាច់ឃោសនា។ បើឃើញមន្ត្រីណាពុករលួយ ចាប់បកស័ក្តិដាក់ក្តី ឱ្យរាងចាល បើឃើញឧកញ៉ា ឬអាជ្ញាធរណាស៊ុមគ្រលុំ កាប់ឈើ ដឹកឈើខុសច្បាប់ ចាប់ទៅដុសក្អែលភ្លាមៗ មិនចាំបាច់ប្រាប់រាស្ត្រ។ ដំណាក់កាលអនុវត្ត គេធ្វើរបៀបហ្នឹង ប៉ុន្តែបើនៅក្នុងដំណាក់កាលឃោសនា គេលួងលោម ព្រមាន អង្វរករសិន ប៉ុន្តែស្ថានការណ៍នយោបាយពេលនេះ ឈានដល់អនុវត្ត ត្រូវតែបង្ហាញសមត្ថភាពរបស់រាជរដ្ឋាភិបាល។

CPP មានសន្ទុះខ្លាំង អាចផ្តួល CNRP និងមានសមត្ថភាពដណ្តើមបាន១២៥អាសនៈតំណាងរាស្ត្រ ស្មើនឹង១០០% ដូច្នេះរឿងអី “ទប់សម្ពាធអឺរ៉ុប” មិនជាប់នោះ? កាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨ សភាអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្ម សេដ្ឋកិច្ច លើរាជរដ្ឋាភិបាលកម្ពុជា បើ CPP មិនព្រមធ្វើតាមលក្ខខណ្ឌដែលអឺរ៉ុប ចង់បាន។ ករណីនេះ CPP ប្រកាសរួចហើយថា នឹង “មិនលុតជង្គង់ចុះចាញ់” នោះឡើយ ប៉ុន្តែបើពិចារណាឱ្យល្អិតល្អន់ទៅ អាចថាមកពី “ស្រាបៀរ CNRP” ត្រូវផ្តួលរំលំនៅស្រុកខ្មែរ ក៏យកទៅលក់នៅអាមេរិក អឺរ៉ុប ដណ្តើមបានអ្នកផឹកច្រើន។ អ៊ីចឹងស្រាបៀរ CPP ត្រូវបញ្ជូនផលិតផលរបស់ខ្លួន ទប់ស្រាបៀរ CNRP ឱ្យជាប់ ដើម្បីឱ្យពួកស្បែកស ងាកមកផឹកស្រាបៀរ CPP វិញ ពោលគឺមិនចាំបាច់ឃោសនាទេ ព្រោះគេស្គាល់រសជាតិទៅហើយ ចំណុចសំខាន់ឱ្យតែ “មានអ្នកលក់រួសរាយរាក់ទាក់” ឬថា “ឱ្យតែប្រមុខការទូតខ្លាំង” ស្រាបៀរ CPP នឹងលក់ដាច់មិនខាន។

កន្លងមក លោកសម រង្ស៊ី ដែលជាថៅកែក្រុមហ៊ុនស្រាបៀរ CNRP ធ្លាប់ឃោសនាលើកយីហោគគ្រឹកគគ្រេង កាលពីឆ្នាំ២០១៣។ លុះចូលមកដល់ឆ្នាំ២០១៨ គាត់លែងឃោសនាទៀតហើយ ដោយ “អនុវត្តពេញទំហឹង” ក្នុងការដណ្តើមទីផ្សារនៅបរទេស បន្ទាប់ពីក្រុមហ៊ុនគាត់ត្រូវបិទនៅក្នុងស្រុក។ លោកសម រង្ស៊ី មានយុទ្ធសាស្ត្រនយោបាយខុសគេ ត្រង់មិនតបតជាមួយ “អ្នកលក់ស្រាបៀរ CPP” ទើបមិនដែលឃើញថៅកែស្រាបៀរ CNRP នេះវាយបកទៅលោកសុខ ឥសាន លោកផៃ ស៊ីផាន ដោយវាយបកតែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថៅកែក្រុមហ៊ុន CPP ឬជាថៅកែៗដូចគ្នា។ ដូច្នេះបញ្ហាសភាអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះ គឺមកពី “អឺរ៉ុបស្រវឹងស្រាបៀរ CNRP” ប៉ុន្តែបើសិនជា “ស្រវឹងស្រាបៀរ CPP” ប្រហែលជាគ្មានទណ្ឌកម្មកើតឡើងទេ។ តើធ្វើយ៉ាងណា ដើម្បីឱ្យអាមេរិក អឺរ៉ុប ស្រវឹងស្រាបៀរ CPP? ចំណុចនេះសំខាន់ណាស់ ត្រូវក្រុមហ៊ុនរកអ្នកលក់ស្រាបៀរ ប៉ិនប្រសប់រួសរាយរាក់ទាក់ ស្គាល់ចរិតអ្នកផឹកស្រា ទើបទាក់ទាញពួកស្បែកស បានគុណសម្បត្តិមន្ត្រីការទូតសំខាន់ណាស់ ក្នុងការទាក់ទាញការគាំទ្រ ដោយប្រើយុទ្ធសាស្ត្រ “ចម្លើយស្លូតបូត អាចរម្ងាប់កំហឹង” ប៉ុន្តែបើសភាអឺរ៉ុប ដែលកំពុងស្រវឹងស្រាបៀរ CNRP បណ្តាលឱ្យខឹងមួម៉ៅ ចោទប្រកាន់ CPP ថា រំលោភសិទ្ធិមនុស្ស រុញប្រជាធិបតេយ្យឱ្យដើរថយក្រោយ លុះត្រាតែមន្ត្រីទូត សម្របសម្រួលដោយវាចាទន់ភ្លន់ សុភាពរាបសា អាចនឹងធ្វើពួកស្បែកស ស្វាងស្រវឹង ងាកមកភ្លក្សរសជាតិស្រាបៀរ CPP វិញក៏ថាបាន។

បច្ចុប្បន្ន ដំណាក់កាលរបស់ពួកប្រឆាំង គឺ “វ៉ៃប្រហារ” មិនមែន “ឃោសនា” នោះទេ ចំណែកមន្ត្រី CPP ឆ្លងមិនទាន់ផុតដំណាក់កាល “ឃោសនា” សូម្បីតែរឿងចាក់ដីលុបសមុទ្រ នៅក្រុងព្រះសីហនុ ក៏មន្ត្រី CPP សន្យាថា នឹងមិនយោគយល់អ្នកមានបំពានច្បាប់ ប៉ុន្តែ “អត់ទាន់ឃើញអនុវត្ត” ទើបការសន្យានេះ មានន័យស្មើនឹង “ឃោសនាឱ្យរាស្ត្រជឿទុកចិត្ត”។ បើរវល់តែសន្យាឃោសនាយ៉ាងនេះ បានត្រឹមខាតពេលវេលាតែប៉ុណ្ណោះ ដោយហេតុថា បានកៅអីតំណាងរាស្ត្ររាជរដ្ឋាភិបាល អង្គុយ១០០ភាគរយទៅហើយ ចាំសន្យាដល់ណាទៀត? ត្រូវអនុវត្តព្រឹបៗ ឱ្យរាស្ត្រឃើញជាក់ស្តែង ទើបធានាថា “ស្រាបៀរ CPP” នៅតែឆ្ងាញ់ លក់ដាច់ជាងគេរហូត។

សរុបទៅ “ស្រាល្អ ពុំចាំបាច់លើកយីហោឃោសនាទេ” មានន័យយ៉ាងនេះឯង សំដៅដល់ “ដំណាក់កាលឃោសនា” ឆ្លងផុតទៅហើយ ត្រូវយក “ដំណាក់កាលអនុវត្ត” មកប្រើម្តង។ ករណីទប់ទល់សម្ពាធអាមេរិក អឺរ៉ុប ក៏មិនខុសពីរឿងស្រាបៀរ ដូចលើកឡើងខាងលើស្រាប់ ពោលគឺមកពីក្រុមហ៊ុនស្រាបៀរ CCP ល្បីឈ្មោះតែក្នុងស្រុក ទុកឱកាសឱ្យក្រុមហ៊ុនស្រាបៀរ CNRP ល្បីក្រៅស្រុក ទើបបានជាអ៊ីចឹង។ បើអ្នកផឹកស្រវឹងស្រាបៀរណា កាន់ជើងស្រាបៀរហ្នឹងហើយ ដែលជាបរិបទសម្រាប់អ្នកនយោបាយពិចារណាទាំងអស់គ្នា…៕

RELATED ARTICLES