សម្តេចព្រះធម្មលិខិត ល្វី ឯម អតីតអធិបតីក្រុមជំនុំបកប្រែព្រះត្រៃបិដក ជាអ្នកប្រាជ្ញសង្ឃ (រៀមច្បងរបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត) បានទុកព្រះបណ្តាំថា “មនុស្សចាស់ស៊ីអំបិល ច្រើនជាងក្មេងស៊ីអង្ករ គង់ស្គាល់អាក្រក់ល្អច្រើនជាងក្មេង” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់ទូន្មានក្រើនរំឭកមនុស្សស្រករក្រោយនេះ កុំជ្រួលជ្រើម ឬងប់ងុលនឹងនិន្នាការនយោបាយ ជ្រុលហួសហេតុពេក។ បើត្រឹមតែអានដោយមិនបានឆ្លងកាត់របបសង្គម ច្បាស់ជាអ្នកអានមិនយល់ព្រះមរតកសាសន៍នេះទេ ដែលតាមពិតជា “បណ្ឌិតវាទ” មានអត្ថន័យជ្រៅណាស់ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“មនុស្សចាស់ស៊ីអំបិល” បើគិតរាក់ៗ ច្បាស់ជាយល់ថា ចាស់ណាក៏ហូបអំបិលដែរ ព្រោះអំបិល សម្រាប់ផ្តល់រសជាតិប្រៃ ទៅចិញ្ចឹមសរីរាង្គដែលមនុស្សមិនអាចហូបសម្លសាប ឬគ្រឿងគ្រៅសាបផ្លឹមបានឡើយ ហើយបើត្រូវការហូបម្ជូរ បើអត់អំបិលបុកម្ទេស ទៅមិនរួចទេ។ រីឯ“ក្មេងស៊ីអង្ករ” បើគិតរាក់ៗ ច្បាស់ជាយល់ថា ក្មេងណាក៏ហូបបាយដែរ ដែលបាយនោះចម្អិនពីអង្ករ សូម្បីតែនំប៉័ងដែលពួកអឺរ៉ុប យកជាអាហារប្រចាំថ្ងៃនោះ ក៏ផលិតពីអង្ករសាលីដែរ។
តាមពិតមិនអ៊ីចឹងទេ “មនុស្សចាស់ស៊ីអំបិល និងក្មេងស៊ីអង្ករ” ដែលសម្តេចព្រះធម្មលិខិត ល្វី ឯម បានចារទុកនោះ សំដៅដល់មនុស្សជំនាន់ដើម ឬក្នុងសម័យអាណានិគមបារាំង មានមួយចំនួន កើតជំងឺ “ខាន់លឿង” បណ្តាលឱ្យស្បែកស្លេកស្លាំង ឡើងសម្បុរលឿង ស្រេកឃ្លានអាហារខុសពីធម្មតា។ សម័យនោះ មានចាស់ខ្លះស្គាំងស្គមស្លេកស្លាំងពោះកំប្លោក មិនចូលចិត្តម្ហូបត្រីសាច់ដូចគេទេ តែគាត់តែងយកអំបិលក្រួសពីក្នុងក្រឡ ដាក់នឹងថ្នក់កន្សែង រួចចេញពីផ្ទះ លូកយកអំបិលនោះទៅហូប ទោះជាក្រុមគ្រួសារឃាត់យ៉ាងណាក៏មិនស្តាប់ដែរ។ ចំណែកក្មេងខ្លះទៀត មិនថាស្រីឬប្រុសនោះទេ នៅពេលកើតជំងឺខាន់លឿង តែងតែយកអង្ករពីការុងច្រកហោប៉ៅអាវ យកទៅកន្លែងស្ងាត់ ទំពាស៊ីក្រួបៗ ទោះជាឪពុកម្តាយហាមឃាត់ ឬវាយប្រដៅយ៉ាងណាក៏មិនស្តាប់ដែរ។ ក្រៅពីស៊ីអំបិល ស៊ីអង្ករ ក៏អាចមានមនុស្សខ្លះស៊ីក្បឿង ស៊ីធ្យូង ស៊ីប្រឆេះចង្កៀង ដោយសារតែមេរោគក្នុងខ្លួននោះនាំចិត្តអ្នកជំងឺឱ្យឃ្លានចំណីខុសរបៀប។ កាលអាចារ្យថាំ នៅវ័យកុមារ បានជិះរទេះសេះជាមួយអ៊ំប្រុសទៅលេងវត្តសោម ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ នៅវត្តនោះមានកុដិឈើមួយ ដំបូលប្រក់ក្បឿងស្រកាត្រី ប៉ុន្តែបាត់ក្បឿងអស់ច្រើនណាស់ ទើបអ៊ំប្រុសសួរទៅលោកគ្រូចៅអធិការថា “កុដិហ្នឹង ហេតុអ្វីប្រក់ក្បឿងមិនជិត?” លោកគ្រូសង្គ្រាជ ក៏ឆ្លើយតបថា “មានញោមស្គមៗ ពីរបីនាក់ ចេះតែមកលួចគាស់ក្បឿងយកទៅស៊ី!” ដែលបង្ហាញថា “ជំងឺខាន់លឿង នាំឱ្យអ្នកជំងឺស៊ីអំបិល អង្ករ ក្បឿង ធ្យូង” ឃាត់មិនឈ្នះទេ។ ចាស់ៗជំនាន់មុនមានវិធីព្យាបាលមនុស្សកើតខាន់លឿង ដោយយកអាចម៍ដែក សល់ពីការដំកាំបិត ពូថៅ ទៅផ្សំជាមួយឫសឈើ សំបកឈើជាច្រើនមុខទៀត ដាំទឹកផឹក ក៏ជាសះស្បើយ ឈប់ស៊ីអំបិល ស៊ីអង្ករទៀតទៅ ព្រោះជាតិអាចម៍ដែក វាជួយកាត់ទម្លាក់មេរោគឃ្លានខុសរបៀបនោះឱ្យអស់ពីពោះបន្តិចម្តងៗ ក៏មានសាច់ឈាមស្រស់ថ្លាឡើងវិញ។
បើយកព្រះបណ្តាំ “ចាស់ស៊ីអំបិល ល្អជាងក្មេងស៊ីអង្ករ” មកឆ្លុះមើលតថភាពសង្គម យើងឃើញថា ជំនាន់ដើម ទោះជាចាស់មានរោគស្រេកឃ្លានហូបតែអំបិលយ៉ាងណា ក៏គាត់នៅស្គាល់ខុសត្រូវជាងក្មេងស៊ីអង្ករ។ តាមអ្វីដែលយើងធ្លាប់ឆ្លងកាត់ ក្មេងពោះកំប្លោក ស្គមស្លេកស្លាំងនេះ បើខឹងអ្នកណា ក៏ជេរបញ្ចោរមួយរំពេច សូម្បីតែម៉ែឪ ជីដូនជីតា ឬព្រះសង្ឃ ក៏ក្មេងនោះហ៊ានជេរថា “អាកញ្ចាស់” “អាត្រងោល” ដែរ។
យ៉ាងណាមិញ រឿងនយោបាយសព្វថ្ងៃ បានធ្វើឱ្យអ្នកគាំទ្រនយោបាយ ចែកនិន្នាការគ្នា ដៀមដាមគ្នា ជេរគ្នា បាត់បង់អស់នូវសីលធម៌សង្គម។ បើកហ្វេសប៊ុក យូធូប មើលពេលណា ឃើញតែអ្នកគាំទ្រនយោបាយជះកំហឹងដាក់គ្នា ឬថាបើអ្នកនយោបាយកំពូលចេញសេចក្តីថ្លែងការណ៍អ្វីមួយ ឬក៏មានអ្នកវិភាគលើកឡើងពីបញ្ហាអសកម្មណាមួយ ក៏មានអ្នកបញ្ចោញយោបល់ (Comment) ឆ្លាស់គ្នា ដែលខ្លះគាំទ្របក្សកាន់អំណាច (CPP) ខ្លះគាំទ្រអតីតបក្សប្រឆាំង (CNRP)។ បើអ្នកគាំទ្រនយោបាយនោះមានវ័យចាស់ សំណេររិះគន់របស់គាត់អាចទទួលយកបានខ្លះ ប៉ុន្តែបើជាអ្នកគាំទ្រក្មេងៗ សំណេរក្នុងខ្ទង់ឆ្លាស់គ្នានោះ ជាពាក្យជេរប្រទេច អសុរោះបាត់លក្ខណៈជាខ្មែរពូជសាងអង្គរ អស់ទៅហើយ។ រឿងជេរប្រទេចគ្នានេះ គឺមឺកពីអ្នកជេរទាំងនោះ “កើតរោគនយោបាយ” ឬ “ខាន់លឿង” នេះឯង បណ្តាលឱ្យខួរក្បាលមានបញ្ហា ឬថា បើមិនបានជេរ ក៏នៅមិនសុខ។
ឧទាហរណ៍ពិធីករទូរទស្សន៍ម្នាក់ បាននិយាយថា “នៅស្រុកខ្មែរ គ្មានយួនទេ” ក៏ស្រាប់តែមានអ្នកជេររង្គើហ្វេសប៊ុក ឯអ្នកមិនជេរ ក៏សរសេររិះគន់ស្រាលៗដែរ ដែលបង្ហាញថា “ចាស់ស៊ីអំបិល ល្អជាងក្មេងស៊ីអង្ករ” ហ្នឹងឯង។ តើមានឱសថអ្វីសម្រាប់ព្យាបាលជំងឺ “ងប់ងុលនឹងនយោបាយ?” យើងអាចឆ្លើយបានថា “បើកើតខាន់លឿង ត្រូវយកអាចម៍ដែក ទៅដាំទឹកផឹក” អ៊ីចឹង “ថ្នាំព្យាបាលជំងឺងប់ងុលនយោបាយ” លុះត្រាតែយកអាចម៍ដែក ទៅស្ងោរផឹកទើបបាន។ អាចម៍ដែកនេះ សំដៅដល់ “អស្មិមានះ” ឬមានះរឹងរូស មិនចេះសម្របសម្រួលគ្នា អាងតែកំហឹងទល់កំហល់ អ៊ីចឹងលុះត្រាតែ “អ្នកនយោបាយ បន្ទន់ឥរិយាបថទៅវិញទៅមក” ទើបបាន។ កាលបើអ្នកនយោបាយទោរទន់រកគ្នា មានមេត្តាករុណា យោគយល់ដល់ខ្មែរដូចគ្នា នឹងក្លាយជា “ទឹកអម្រឹត” សម្រាប់ប្រជាពលរដ្ឋ “ផឹកមិនចេះស្លាប់”។ ការបន្ទន់ឥរិយាបថ មានន័យស្មើនឹងយកអាចម៍ដែក ទៅដាំទឹកផឹក រម្ងាប់រោគខាន់លឿង ចំណែករោគខាន់លឿង វានាំឱ្យអ្នកជំងឺចង់តែស៊ីអំបិល ស៊ីអង្ករ ឬចង់តែជេរបញ្ចោរគ្នានេះឯង ខ្លះហ៊ានជេរព្រះសង្ឃ “អាត្រងោល” ក៏សឹងមាន។
បើរកប្រភពដែលនាំឱ្យកើតជំងឺខាន់លឿង គឺមកពីមនុស្សខ្វះអនាម័យ ឆីមិនរើសចំណី បណ្តាលឱ្យមេរោគចូលខ្លួន ក៏ស្រេកឃ្លានខុសរបៀប។ ចំណែកប្រភពនាំឱ្យកើតជំងឺ “ងប់ងុលនយោបាយ” គឺមកពី “អយុត្តិធម៌សង្គម ពុករលួយ បក្ខពួក គ្រួសារនិយម” បណ្តាលឱ្យមេរោគនោះឆ្លងរាលដាលដល់មជ្ឈដ្ឋានប្រជាពលរដ្ឋ។ បើអ្នកនយោបាយកាត់បន្ថយមហិច្ឆតា ឈប់ពុករលួយ ឈប់កេងប្រវ័ញ្ច នឹងធ្វើឱ្យមេរោគងប់ងុលនយោបាយ ថយចុះ ឬថាបើអ្នកនយោបាយសុខចិត្តកាត់អស្មិមានះ រឹងរូស ដាក់ទៅក្នុងឆ្នាំង ឱ្យប្រជាពលរដ្ឋស្ងោរផឹក នឹងធ្វើឱ្យមេរោគនិន្នាការនយោបាយ ថមថយឥទ្ធិពលបន្តិចម្តងៗ។
មិនមែនធម្មតាទេ ដែលសម័យនេះ វិទ្យាសាស្ត្រជឿនលឿន ប៉ុន្តែពេលបើកហ្វេសប៊ុក យូធូប មើលពេលណា ឃើញតែការរិះគន់ ជេរប្រទេចគ្នាស្មើដៃតែម្តង។ ចំនួនអ្នកជេរបក្សកាន់អំណាច តាម Comment ក៏អាចវាស់ស្ទង់ដឹងថា និន្នាការប្រឆាំង នៅសល់មិនតិចទេ ទោះបីជា CNRP ត្រូវរំលាយចោលទៅហើយក្តី ក៏ព្រលឹង CNRP មិនទាន់ទៅចាប់ជាតិ។ ទាំងអ្នកប្រឆាំង និងអ្នកស្រប ដែលជេរគ្នាទៅវិញទៅមកនោះ បើទុកឱ្យនៅអ៊ីចឹង ខូចខ្មែរអស់ហើយ លុះត្រាតែថ្នាក់ដឹកនាំប្រើយុទ្ធសាស្ត្រយ៉ាងណា ព្យាបាលឱ្យជាសះស្បើយទើបបាន។ ម៉ែឪជំនាន់មុន ពេលឃើញកូនលួចអង្ករទៅស៊ី ឬស៊ីធ្យូង ស៊ីអំបែងក្បឿងនោះ គាត់ស្តីបន្ទោសតែមួយខ្យល់ បន្ទាប់មក ក៏រត់រកអាចម៍ដែក មកស្ងោរឱ្យកូនផឹក រហូតជាសះស្បើយ។ ដូច្នេះអ្នកដឹកនាំ អ្នកនយោបាយ កាលបើឃើញប្រជាពលរដ្ឋកើតជំងឺជេរប្រទេច រិះគន់ ស្តីបន្ទោស មិនអាចចាប់ចង រករឿងចាប់កំហុសអ្នកជេរនោះ ដាក់គុកច្រវាក់នោះទេ ប៉ុន្តែ “ការបន្ទន់ឥរិយាបថ ពោរពេញដោយព្រហ្មវិហារធម៌” គឺជាឱសថវិសេសវិសាល ព្យាបាលជំងឺនិន្នាការនយោបាយ។
សរុបទៅ ព្រះបណ្តាំសម្តេចព្រះធម្មលិខិត ល្វី ឯម ថា “ចាស់ស៊ីអំបិល ល្អជាងក្មេងស៊ីអង្ករ” មានខ្លឹមសារអប់រំអ្នកនយោបាយ ឱ្យប្រុងប្រយ័ត្នកូនចៅ ក្រែងកើតជំងឺនយោបាយនេះឯង។ ទោះបីជាចាស់ស៊ីអំបិល ឬអ្នកញៀននយោបាយវ័យចាស់ មិនចេះជេរបញ្ចោរដូចក្មេង ក៏គាត់កើតជំងឺងប់ងុលហ្នឹងដែរ រីឯក្មេង កាលបើកើតរោគនេះហើយ “ជេរឈ្ងុយណាស់” ត្រូវតែរកឱសថព្យាបាលឱ្យទាន់ពេលវេលា ដែលជាបរិបទសម្រាប់អ្នកនយោបាយគ្រប់រូប គ្រប់បក្ស ពិចារណា…៕