Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ព្រះសង្ឃពឹងវិន័យ

បរិយាយថ្ងៃនេះ ៖ ព្រះសង្ឃពឹងវិន័យ

ឃ្លោងឃ្លាច្បាប់បុរាណ ១ល្បះ ថា “ព្រះសង្ឃពឹងវិន័យ សត្វភពត្រៃពឹងធរណី សេនាពឹងប្ញទ្ធី ឯអ្នកជីពិតពឹងវត្ត” ចង់បង្ហាញថា ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា មានវិន័យសិក្ខាបទសម្រាប់ទីពឹង បើធ្វើឱ្យឃ្លៀងឃ្លាតខុសពីបដិបត្តិធម៌ នឹងនាំឱ្យមានមន្ទិលសៅហ្មងដល់សមណភេទ។ ខណៈដែលរាជបណ្ឌិត្យសភាកម្ពុជា ហ៊ានរិះគន់ព្រះសង្ឃខុសវិន័យនៅក្នុងសិក្ខាសាលា ហើយត្រូវបានគណៈសង្ឃនាយក ឆ្លើយតបចាត់ទុកថាជា “ការជ្រៀតជ្រែក” នោះ ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពុទ្ធបរិស័ទ ទើប “នគរធំ” សូមលើកពី “ព្រះសង្ឃពឹងវិន័យ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ព្រះពុទ្ធសាសនា បានចាក់ប្ញសយ៉ាងជ្រៅក្នុងសង្គមខ្មែរ ជាង១ពាន់ឆ្នាំមកហើយ ដោយឆ្លាស់គ្នារវាងលទ្ធិ “មហាយាន និងហីនយាន” ប៉ុន្តែជាចុងក្រោយ លទ្ធិហីនយាន បានតាំងស៊ប់នៅក្នុងសតិអារម្មណ៍ពុទ្ធបរិស័ទ តាំងពីចុងសម័យអង្គរ មកម៉្លេះ។ ព្រះពុទ្ធសាសនា ជួនកាលត្រូវពួកទមិឡជាន់ពន្លិច ជួនកាលក៏ងើបអណ្តែតឡើង ជួនកាលទៀត ពេលលេចធ្លោនោះ បែរជារងការរិះគន់ពីគ្រហស្ថ ដោយសារព្រះសង្ឃមួយចំនួន ធ្វើខុសវិន័យពុទ្ធប្បញ្ញត្តិ។ ក្នុងរបបប៉ុល ពត ព្រះពុទ្ធសាសនា លិចលង់ដល់បាតរណ្តៅ ដោយការចាប់ផ្សឹកព្រះសង្ឃ និងបំផ្លិចបំផ្លាញវត្តអារាមខ្ទេចខ្ទី ប៉ុន្តែបច្ចុប្បន្ន ព្រះពុទ្ធសាសនា រុងរឿងខ្លាំង បែរជារងការរិះគន់ពីគ្រហស្ថថា ព្រះសង្ឃធ្វើខុសវិន័យសិក្ខាបទ ដែលការរិះគន់នេះ លេចចេញជាហូរហែរាប់ឆ្នាំមកហើយ គឺជារឿងដែលកើតមានពិត លុះរាជបណ្ឌិត្យសភា “ថែមរបោយ” ទៀតនោះ បណ្តាលឱ្យគណៈសង្ឃនាយក ផ្ទុះប្រតិកម្ម ចោទប្រកាន់រាជបណ្ឌិត្យសភា ជាពិសេស លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាថាបាន “ជ្រៀតជ្រែកចូលកិច្ចការព្រះពុទ្ធសាសនា”។

ករណីចោទប្រកាន់ និងរិះគន់ថា “ចេញពីផ្ទះតូច មកនៅវីឡាកុដិ, រៀនហើយចាំបួស កុំបួសហើយមករៀន, ចង់សិក្សាពីប្រជាជន មុននឹងបង្កើតវត្ត៘” បណ្តាលឱ្យប៉ះសិទ្ធិមន្ត្រីសង្ឃជាន់ខ្ពស់ ដែលគង់ក្នុងកុដិធំស្កឹមស្កៃ និងកត្តាផ្សេងៗទៀត រហូតដល់សម្តេចឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ចេញលិខិតឆ្លើយតបភ្លាមៗ ផ្អើលដល់ពុទ្ធបរិស័ទ តាមដានគ្រប់គ្នា។

ក្នុងនាមជាពុទ្ធបរិស័ទដែរនោះ “នគរធំ” មិនកាន់ជើងខាងណាទេ ប៉ុន្តែសូមផ្តល់យោបល់ខ្លះៗពាក់ព័ន្ធដល់ព្រះពុទ្ធសាសនា ដើម្បីរកគន្លឹះកែលម្អទៅអនាគត។ សូមរំព្ញកថា វិន័យសិក្ខាបទ សម្រាប់ព្រះសង្ឃគោរពប្រតិបត្តិ មាន៧កងធំៗ គឺ “១.បារាជិក ២.សង្ឃាទិសេស ៣.ថុល្លច្ច័យ ៤.បាចិត្តិយៈ ៥.បាដិទេសនីយៈ ៦.ទុក្កដ ៧.ទុព្ភាសិត” អបត្តិទាំង៧កង នេះ បែកសាខារហូតដល់ “២២៧សិក្ខាបទ” ឯណោះ ដែលព្រះសង្ឃពិបាកគេចផុតណាស់។ ចំណុចសំខាន់ជាងគេ គឺ “អាបត្តិបារាជិក” ដែលត្រូវចាប់ផ្សឹក ក្នុងករណីព្រះសង្ឃសេពមេថុនធម្ម, សម្លាប់សត្វ, លួចទ្រព្យគេ និងអួតអាងថា ខ្លួនខ្លាំងពូកែគ្មានអ្នកណាដល់។ សម្រាប់អ្នកចេះវិន័យ នៅពេលឃើញព្រះសង្ឃធ្វើខុសត្រង់ចំណុចណា ក៏មិនហ៊ានរិះគន់អ្វីដែរ ដោយហេតុថា បាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ត្រូវបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ គ្មានបុគ្គលណាអាចល្មើសបាន។

ក្នុងរជ្ជកាលខ្លះ ដែលមាន “សម្តេចព្រះសង្ឃរាជខ្លាំង” ព្រះពុទ្ធសាសនា រុងរឿង មានការគោរពបូជាខ្លាំង ដូច “ឯកសារមហាបុរសខ្មែរ” ចារទុកថា នៅសតវត្សទី១៧ មានសម្តេចព្រះសង្ឃរាជ ព្រះនាម “ជិម” ជាព្រះឧបជ្ឈាយ៍របស់ព្រះបាទសម្តេចព្រះស្រីធម្មរាជ ហៅព្រះរាជសម្ភារ។ សម្តេចសង្ឃអង្គនោះ មានញាណបារមីមិនធម្មតាទេ ក្រៅពីបង្ហាត់បង្រៀន ព្រះរាជសម្ភារ ឱ្យក្លាយជា “រាជកវី” ព្រះអង្គអាចឈ្វេងយល់ដល់ស្ថានការណ៍ប្រទេសជាតិ ដោយបាននិពន្ធ “ច្បាប់ក្រម” សម្រាប់ដាស់តឿនមហាជន ដូចឃ្លាផ្តើមថា “នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង…” ប៉ុន្តែដោយសារព្រះរាជសម្ភារ ធ្វេសព្រះស្មារតី មិនយាងតាមព្រះឱវាទព្រះគ្រូឧបជ្ឈាយ៍ ក៏ត្រូវក្ស័យព្រះជន្ម ធ្លាក់ពីលើចុងត្នោត ព្រោះរឿងស្រី។ នៅក្នុងរជ្ជកាល “ព្រះបាទអង្គតន់” សម្តេចព្រះសង្ឃរាជ ព្រះនាម “ប៉ិម” ក៏មានញាណបារមីខ្លាំងពូកែដែរ ព្រះអង្គទតឃើញភ្លើងឆេះស្រុកចិន ក៏យកទឹកមន្តសូត្រគ្រលាស់ទៅទិសខាងជើង ធ្វើឱ្យភ្លើងឆេះរាប់ពាន់គីឡូម៉ែត្រនោះរលត់ទៅ។ សម្តេចសង្ឃអង្គនេះ គង់នៅវត្តស្បែង ក្រុងឧដុង្គមានជ័យ លុះព្រះជន្មបាន៩៣ព្រះវស្សា មុនសោយព្រះទិវង្គត ព្រះបាទអង្គតន់ ដែលគ្មានព្រះរាជបុត្រស្នងរាជ្យ ក៏បានយាងទៅដល់កុដិ អង្វរសម្តេចព្រះសង្ឃរាជ ឱ្យចូលចាប់ជាតិជាបុត្រព្រះអង្គ។ ពេលនោះ សម្តេចប៉ិម យល់ព្រមទទួលនិមន្ត និងទូលស្តេចថា ព្រះអង្គនឹងសោយព្រះជាតិក្នុងផ្ទៃ “អ្នកម្នាងជៃ កវែង”។ លុះពេលរាត្រី សម្តេចព្រះសង្ឃរាជសោយទិវង្គតទៅ ស្រាប់តែអ្នកម្នាងជៃ យល់សប្តិឃើញសម្តេចសង្ឃនោះ យាងមកជិត ហើយតាំងពីពេលនោះមក អ្នកម្នាងក៏ទ្រង់ព្រះគភ៌ លុះប្រសូតបានបុត្រប្រុស ទើបព្រាហ្មណ៍បុរោហិត ថ្វាយព្រះនាមថា “ព្រះអង្គអេង”។

ដោយឡែក សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏មានញាណបារមីមិនធម្មតាដែរ ក្រៅពីចំណេះដឹងផ្នែកអក្សរសាស្ត្រ ព្រះអង្គដឹងចិត្តសត្វ ដោយថ្ងៃមួយ ព្រះអង្គបានឃើញសត្វគ្រលេងគ្រលោង ទំលើមែកស្វាយ វាលោតចុះឡើងស្រែកយំ កិក!ៗ ក្រឡឹងសម្បុកអង្ក្រង។ ពេលនោះ ព្រះអង្គក៏ប្រាប់សិស្សថា សត្វហ្នឹងវាចង់ស៊ីផ្លែស្វាយនៅក្នុងសម្បុកអង្ក្រង តែវាខ្លាចអង្ក្រងខាំ ទើបមិនហ៊ានចោះសម្បុកអង្ក្រង យកស្វាយទុំស៊ី។ សិស្សចង់ដឹងការពិត ក៏ឡើងដើមស្វាយ កាច់សម្បុកអង្ក្រងនោះមើល ក៏ឃើញស្វាយទុំ នៅក្នុងនោះមែន ដែលជាផ្លែស្វាយពៅ នៅសល់តែ១ផ្លែហ្នឹង ក៏ដឹងថា សម្តេចព្រះសង្ឃរាជ មានញាណពិសេស ដឹងចិត្តសត្វ។

សម្តេចព្រះសង្ឃរាជ ទាំង៣អង្គនេះ បានទូន្មានក្រើនរំព្ញកព្រះមហាក្សត្រ ដែលជាអ្នកដឹកនាំប្រទេស និងជំរុញព្រះពុទ្ធសាសនា ឱ្យបានថ្កុំថ្កើងរុងរឿង មិនបណ្តែតបណ្តោយឱ្យថ្នាក់ដឹកនាំដើរខុសគន្លងនោះទេ។ ជាក់ស្តែង សម្តេចជិម បានទូន្មានព្រះរាជសម្ភារ ឱ្យក្លាយជារាជកវី លុះស្តេចអង្គនោះ ជាប់អន្ទាក់ស្នេហ៍ ភ្លេចដំបូន្មានព្រះគ្រូឧបជ្ឈាយ៍ ក៏ក្ស័យព្រះជន្មទៅ។ រីឯសម្តេចប៉ិម បានទូន្មានព្រះអង្គតន់ ឱ្យក្លាយជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ និងយល់ព្រមសោយព្រះជាតិជាព្រះអង្គអេង ទោះជាមានអច្ឆរិយភាពបន្តិច ក៏ឯកសារប្រវត្តិសាស្ត្រ បានចារទុកយ៉ាងនេះ។ រីឯសម្តេចជួន ណាត ធ្លាប់ទូន្មានអ្នកនយោបាយ ដូចព្រះបណ្តាំថា “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត, ធ្វេសស្មារតី ស្លាប់គំនិត, ចេះមិនដល់ ត្រូវសួរគេ” ជាដើម។ ព្រះបណ្តាំនេះ ត្រូវបានសម្តេចឪ ព្រះបរមរតនកោដ្ឋ យកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាព ជាពិសេស បណ្តាំ “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត” ដោយសម្តេចឪ បានសម្របសម្រួលជាមួយអាមេរិក បន្ទាប់ពីផ្តាច់ទូតប៉ុន្មានឆ្នាំ។

ងាកមកបច្ចុប្បន្នវិញ ករណីគ្រហស្ថរិះគន់ព្រះសង្ឃ មកពីគ្រហស្ថនោះ មើលឃើញព្រះសង្ឃត្រូវអាបត្តិ ក៏នៅមិនស្ងៀម ចង់រកដំណោះស្រាយ ប៉ុន្តែ “វិន័យសិក្ខាបទ” លុះត្រាតែព្រះសង្ឃដោះស្រាយទើបបាន មិនមែនគ្រហស្ថចង់ប្រដៅព្រះសង្ឃនោះទេ។ តាមការកត់សម្គាល់ ព្រះពុទ្ធសាសនា សព្វថ្ងៃ មានការកសាងវត្តអារាមបានលឿន ប៉ុន្តែវិន័យធូររលុង លុះមាននិន្នាការនយោបាយជ្រៀតជ្រែក ធ្វើឱ្យព្រះសង្ឃចែកបក្ស មិនសូវគោរពប្រតិបត្តិធម៌។ សូម្បីតែវត្តអារាម ក៏មានការលាបពណ៌ថា “វត្តស្រប, វត្តប្រឆាំង” ជាហេតុនាំឱ្យព្រះសង្ឃបែកបាក់សាមគ្គី។

ដូច្នេះបើគ្រហស្ថចង់រិះគន់ពីសាសនា “ត្រូវចេះធម៌អាថ៌វិន័យ និងបានឆ្លងកាត់ការអានព្រះត្រៃបិដក”។ ចំណែកព្រះសង្ឃចង់វាយបកទៅគ្រហស្ថ លុះត្រាតែចេះ “ប្រវត្តិសាស្ត្រ ឬប្រវត្តិពុទ្ធសាសនា ច្បាស់លាស់”។ បើពោលឱ្យយុត្តិធម៌ ព្រះសង្ឃ មិនគួរខឹងសម្បានឹងគ្រហស្ថនោះទេ ចំណែកគ្រហស្ថ ក៏មិនគួររិះគន់ព្រះសង្ឃឱ្យឮខ្ទរខ្ទារជាសាធារណៈនោះដែរ។ គួរយល់ថា បន្ទាប់ពីព្រះពុទ្ធ បរមគ្រូ ចូលបរិនិព្វានបាន៣ខែ ព្រះសង្ឃសាវ័ក បានរៀបចំ “បឋមសង្គាយនា” ដើម្បីផ្ទៀងផ្ទាត់ ព្រះធម៌ឱ្យស្របគ្នា មិនមែនកែប្រែព្រះពុទ្ធដីកានោះទេ ជាហេតុនាំឱ្យមានការបង្កើត “អនុសំវច្ឆរៈមហាសន្និបាត” ជារៀងរាល់ឆ្នាំ ដើម្បីផ្ទៀងផ្ទាត់វិន័យសិក្ខាបទហ្នឹងឯង។ បើចង់ផ្ទៀងផ្ទាត់វិន័យឱ្យមានឯកភាព លុះត្រាតែព្រះសង្ឃឈប់ប្រកាន់បក្ស ប្រកាន់និន្នាការនយោបាយ ទើបបាន ក្រែងដើរជាន់ប្រវត្តិសាស្ត្រ នាំឱ្យរៀវរោយព្រះពុទ្ធសាសនា ដូចក្នុងរជ្ជកាលស្តេចកន មានការតែងតាំង “សម្តេចព្រះអរិយសាគរអបោ” ជាព្រះសង្ឃនាយក រីឯព្រះចន្ទរាជា បានតែងតាំង “សម្តេចព្រះសុគន្ធាធិបតី” ជាព្រះសង្ឃនាយក បណ្តាលឱ្យព្រះសង្ឃបែកខ្ញែកគ្នា ព្រោះនិន្នាការនយោបាយ។

សរុបទៅ “ព្រះសង្ឃពឹងវិន័យ” កាលណានិន្នាការនយោបាយអូសទាញ ជាហេតុនាំឃ្លៀងឃ្លាតបដិបត្តិធម៌។ កាលបើព្រះសង្ឃមានវិន័យធូររលុង ជាន់អាបត្តិ៧កងនោះ គ្រហស្ថដែលជាអ្នកចេះ នឹងរិះគន់មិនខាន។ បើគ្រហស្ថរិះគន់ព្រះសង្ឃ ធ្វើឱ្យប៉ះពាល់ដល់បាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ព្រោះវិទ្យាសាស្ត្រមិនអាចយកទៅជ្រៀតជ្រែកលើព្រះពុទ្ធសាសនា បានឡើយ ដែលជាបរិបទសម្រាប់អស់លោកបណ្ឌិត ពិចារណា ក៏ដូចជាសំណូមពរដល់គណៈសង្ឃ សូមព្រះមេត្តាយោគយល់ កុំវាយបកទៅគ្រហស្ថអី ព្រោះព្រះសង្ឃ “មានខន្តី” ស្របតាមទស្សនវិជ្ជាមហាត្មៈ គន្ធី ថា “វិទ្យាសាស្ត្រគ្មានមនុស្សធម៌, សាសនាគ្មានការបូជា, នយោបាយគ្មានគោលការណ៍,” ជាការបំផ្លាញគុណធម៌មនុស្ស…៕

RELATED ARTICLES