Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ចម្លើយស្លូតបូត អាចរម្ងាប់កំហឹង

បរិយាយថ្ងៃនេះ ៖ ចម្លើយស្លូតបូត អាចរម្ងាប់កំហឹង

កវីបណ្ឌិតបារាំងម្នាក់ ឈ្មោះលោកសាឡូម៉ុង (Salomon) បានទុកមរតកសាសន៍ថា “ចម្លើយស្លូតបូត អាចរម្ងាប់កំហឹងបាន។ សម្តីរម៉ាំងរម៉ោក រឹតតែដុតកំហឹងថែមទៀត” (La réponse douce apaise la colère. La parole fâcheuse augmente la fureur) មានខ្លឹមឹសារអប់រំល្អណាស់ ដោយបង្ហាញផ្លូវថា ជាតិសាសន៍បារាំង ក៏ដូចពួកអឺរ៉ុប ចូលចិត្តចម្លើយស្លូតបូតក្នុងពេលគេកំពុងខឹង។ ខណៈដែលកម្ពុជា កំពុងមានបញ្ហាជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធករណី EBA និងចង់ដកខ្លួនចេញពី IPU  បើសិនជាយើងមានចម្លើយស្លូតបូត អាចនឹងទប់ទល់សម្ពាធនេះបាន ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកសំណេរកវីបណ្ឌិតបារាំង ខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីតុលាការកំពូល ចេញសាលដីកាស្ថាពររំលាយគណបក្សសង្គ្រោះជាតិ (CNRP) និងដកសិទ្ធិមន្ត្រីប្រឆាំង១១៨រូប មិនឱ្យធ្វើនយោបាយ៥ឆ្នាំមក ជាហេតុនាំឱ្យពួកប្រឆាំងរឹងរូស មួម៉ៅក្តៅក្រហាយ ខឹងសម្បានឹងបក្សកាន់អំណាច។ អ្នកប្រឆាំងនៅក្នុងស្រុកមិនសូវអីទេ ទោះជាមិនព្រមចុះចូលជាមួយបក្សកាន់អំណាច (CPP) ក៏ពួកគេសំងំយកសុខដូចកណ្តុរ ខ្លាចឆ្មា ផ្ទុយទៅវិញ ពួកប្រឆាំងរត់ទៅក្រៅប្រទេស បានបញ្ឆោះកំហឹងឱ្យក្តៅរោលរាលរហូតដល់អាមេរិក អឺរ៉ុប ឯណោះ។ ករណីសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើកលែងតែគ្រឿងអាវុធ (EBA) ពីកម្ពុជា ក៏ដូចជាសហភាពអន្តរសភា  (IPU) គាបសង្កត់កម្ពុជា ឱ្យ “ស្តារប្រជាធិបតេយ្យ” ឡើងវិញនោះ គឺមកពីពួកអឺរ៉ុប “ខឹងសម្បា” ឬថា ភ្លើងឆេះសម្បុក CNRP ក៏រាលឆេះដល់ទ្រនំរបស់ពួកអឺរ៉ុបឯណោះទៀត។ ដូច្នេះខ្លឹមសារថា ”ចម្លើយស្លូតបូត អាចរម្ងាប់កំហឹង” គឺមានន័យថា ពួកអឺរ៉ុប ចូលចិត្តចម្លើយពីរោះទន់ភ្លន់ សុភាពរាបសានេះឯង។ ករណីលោកស្រី រ៉ូណា ស៊្មីត (Rhona Smith) អ្នករាយការណ៍ផ្នែកសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជា ដែលចោទប្រកាន់ CPP ថា បានរំលោភសិទ្ធិមនុស្សធ្ងន់នោះ ក៏មកពីលោកស្រីជាតិអង់គ្លេសនេះ ខឹងសម្បាដែរ នៅពេលពួកប្រឆាំងយកភ្លើងដុតគាត់ ដូច្នេះលុះត្រាតែភាគីរដ្ឋាភិបាលមានចម្លើយស្លូតបូត ទើបស្ងប់កំហឹងនេះ។

ពុំមែនមានន័យថា បក្សកាន់អំណាច គ្មានយុទ្ធសាស្ត្រទប់ទល់នឹងកំហឹងពួកអឺរ៉ុបនោះទេ ប៉ុន្តែចំណុចខ្សោយអាចនៅត្រង់ CPP ចាត់គណៈប្រតិភូទៅតទល់ជាមួយគេ មិនចម្រាញ់យកមនុស្សដែលមានពាក្យសម្តីពីរោះទន់ភ្លន់ និងមានទឹកមុខរួសរាយរាក់ទាក់ ដែលខ្មែរថា “ញញឹមមានស្នេហ៍”។ បើសិនជាបញ្ជូនតំណាងប្រតិភូ មានពាក្យសម្តីផ្អែមល្ហែម ទឹកមុខញញឹមមានស្នេហ៍ ឱ្យបានប្រហែលលោកហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់ជា “អាចរម្ងាប់កំហឹងពួកអឺរ៉ុប” បានមិនខានឡើយ។

ករណីទាល់ច្រកក្នុងការចរចាផ្នែកសិទ្ធិមនុស្ស រួចក៏មានអ្នកគាំទ្រ ជេរលោកស្រីរ៉ូណា ស៊្មីត តាមហ្វេសប៊ុកថែមទៀត នោះ វា “កាន់តែដុតកំហឹងថែមទៀត” រីឯការទ្រគោះបោះបោកទៅលើលោកស្រីប្រធាន IPU ថា “ខ្មៅងងឹត” នោះ ក៏ជាលទ្ធផលនៃ “ចម្លើយខ្វះភាពស្លូតបូត”នេះឯង។ ដល់ជួបភាពទាល់ច្រក បែរជាព្រមានដកខ្លួនថយពី IPU អាចធ្វើឱ្យស្ថានការណ៍កាន់តែដុនដាប ឬដូចអ្វីដែលពួកប្រឆាំងលើកឡើងថា “កម្ពុជា នឹងឯកោពីលើឆាកអន្តរជាតិ បើដកខ្លួនថយពី  IPU”។ ករណី EBA ក៏អ៊ីចឹងដែរ បើរដ្ឋាភិបាលចាត់គណៈប្រតិភូ ប្រកបដោយ “ទឹកមុខញញឹមមានស្នេហ៍” ទៅសម្របសម្រួលជាមួយគេ ច្បាស់ជាគេស្តាប់មិនខាន ព្រោះអឺរ៉ុប អាណិតអាសូរកម្មករ-កម្មការិនីខ្មែរ ប្រមាណ១លាននាក់ ដែលផ្ញើជីវភាពលើរោងចក្រ បើដកប្រព័ន្ធអនុគ្រោះពន្ធនោះ ធ្វើឱ្យពួកគេបាត់បង់ការងារ។

ឥឡូវលោកស្រីរ៉ូណា ស៊្មីត បានអញ្ជើញមកដល់កម្ពុជា ហើយ ដើម្បីនិយាយគ្នាពីរឿងសិទ្ធិមនុស្ស តាមការអញ្ជើញរបស់រដ្ឋាភិបាល។ អ៊ីចឹងគួរតែរដ្ឋាភិបាល រកមនុស្សមានពាក្យសម្តីថ្វីមាត់ពីរោះផ្អែមល្ហែម ទៅឆ្លើយិឆ្លងជាមួយគាត់ទៅ មានទៅយ៉ាប់អី ប៉ុន្តែបើនៅតែចាត់មនុស្សដដែល គ្មានចិត្តសាស្ត្រក្នុងការផ្តល់ចម្លើយឱ្យគេនោះ អត់ចំណេញទេ។  ពិសេសបំផុត គួរហាមឃាត់អ្នកគាំទ្របក្សកាន់អំណាច ឈប់ជេរអ្នករាយការណ៍ផ្នែកសិទ្ធិមនុស្ស អ.ស.ប តទៅទៀត។

សហភាពអឺរ៉ុប ចូលចិត្តតែងតាំងស្ត្រីភេទ ឱ្យកាន់តំណែងធំៗអមស្ថាប័នអង្គការសហប្រជាជាតិ សូម្បីប្រធានសហភាពអន្តរសភា  IPU ក៏ជាស្ត្រីដែរ រីឯអ្នកនាំពាក្យសេតវិមានរបស់សហរដ្ឋអាមេរិក ក៏សុទ្ធតែនារីភេទ។ ធម្មតាស្ត្រីខ្លាំងៗ ចូលចិត្ត “ចម្លើយពីរោះស្លូតបូត” មិនមែនពាក្យសម្តីអសុរោះនោះទេ ឧទាហរណ៍ដូចរឿង “សព្វសិទ្ធិ” ដោយសារតែពាក្យសម្តីទន់ភ្លន់ បង្កប់ចិត្តសាស្ត្រ ទើបចៅសព្វសិទ្ធិ អាចអន្ទងចិត្តព្រះនាងសុវណ្ណកេសរ ឱ្យស្រលាញ់។ ផ្ទុយទៅវិញ កូនស្តេច ១០១នគរ ប្រើពាក្យសម្តីរម៉ាំងរម៉ោក បានត្រឹមព្រះនាងសុវណ្ណកេសរ មិនជ្រលក់មាត់ចូលតែប៉ុណ្ណោះ។

ដោយឡែកអ្នកនាំពាក្យ ទោះជាមានឋានៈបណ្ឌិត តែបើខ្វះ “វចីកោសល្យ” ឬ “ចម្លើយស្លូតបូត” ក៏ពិបាកអូសទាញជនបរទេសឱ្យស្តាប់ដែរ ជាពិសេស អ្នកនាំពាក្យ ត្រូវតែមាន “ស្នៀតអូសទាញ” បើទាល់១ច្រក នៅ១ច្រក។ ករណីអ្នកនាំពាក្យ និយាយដដែលៗ ពី “អធិបតេយ្យ” ពួកអឺរ៉ុប ស្តាប់សង្កៀរត្រចៀកទៅហើយ គួរប្តូរពាក្យអ្វីដែលពិសេសជាងនេះទើបល្អ។ បញ្ហាអធិបតេយ្យ ឬកិច្ចការផ្ទៃក្នុង បរទេសមិនអាចរំលោភបានក៏ពិតមែន ប៉ុន្តែគេប្រើ “សម្ពាធប្រយោល” ដូចគ្រូធ្មប់ មិនហ៊ានមកជិតផ្ទះគេទេ ប៉ុន្តែគ្រូធ្មប់ ប្រើសិល្ប៍មន្តពីចម្ងាយ បញ្ជាស្បែកគោ បន្លាក្រសាំង ឱ្យហើរទៅចូលពោះជនរងគ្រោះ នេះបើនិយាយតាមជំនឿបុរាណ។

ដូចលើកឡើងខាងលើរួចហើយថា ប្រធានស្ថាប័នអន្តរជាតិសំខាន់ៗ សុទ្ធតែស្ត្រីជើងខ្លាំង ហើយធម្មជាតិបានបង្កើតស្ត្រីមក ចូលចិត្តតែពាក្យសម្តីពីរោះផ្អែមល្ហែម មិនចង់ឮពាក្យពេចន៍អសុរោះ។ ឥឡូវវត្តមានលោកស្រីរ៉ូណា ស៊្មីត នៅកម្ពុជា មិនធម្មតាទេ បើរដ្ឋាភិបាលមិនចម្រាញ់មនុស្ស “ញញឹមមានស្នេហ៍” ទៅនិយាយជាមួយគាត់ ជួនកាលទាល់ច្រកផ្នែកសិទ្ធិមនុស្សទៀត។ គួរយល់ថា អង្គការសហប្រជាជាតិ ចាំតែស្តាប់របាយការណ៍របស់អ្នករាយការណ៍ពិសេស អ៊ីចឹងរដ្ឋាភិបាល លៃយ៉ាងណាចងចិត្តគាត់ឱ្យជាប់ ទើបការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្ស បានធូរស្រាលវិញ។ ករណីចង់ដកថយពី IPU គួរកុំអីល្អជាង ព្រោះសូម្បីរបបប៉ុល ពត ក៏គង់ស្វះស្វែងរកការគាំទ្រពីអន្តរជាតិ ដោយមិនចង់ឱ្យប្រទេសកម្ពុជា ឯកោ ចុះរដ្ឋាភិបាលស្របច្បាប់ បានកៅអីស្ថាប័នអន្តរជាតិគ្រប់កន្លែង បែរជាចង់ដកខ្លួនថយនោះ មិនស្រួលទេ។

សរុបទៅ “ចម្លើយស្លូតបូត អាចរម្ងាប់កំហឹង” ចង់បង្ហាញថា ពួកប្រឆាំងដែលមានកំហឹងក្តៅអន្ទះអន្ទែងនោះ បានដុតភ្លើងកំហឹងឱ្យឆេះរាលដល់អាមេរិក-អឺរ៉ុប។ ប្រឈមបញ្ហានេះ លុះត្រាតែបក្សកាន់អំណាច ចម្រាញ់ចម្រោះគណៈប្រតិភូ ឬអ្នកទៅចរចាជាមួយគេ ប្រកបដោយ “មន្តស្នេហ៍” ឬថា បើចេះមន្តស្នេហ៍ “សារិកាលិនថោង” ដូចតួឯកល្ខោនបាសាក់ នោះ ធានាថា កំពូលស្ត្រីប្រធានស្ថាប័នអន្តរជាតិសំខាន់ៗ នឹងអាណិតអាសូរកម្ពុជា មិនផ្តាច់ប្រព័ន្ធ EBA លែងចោទរដ្ឋាភិបាល ថា រំលោភសិទ្ធិមនុស្ស និងផ្តល់កិត្តិយសដល់កម្ពុជា នៅ IPU មិនខានឡើយ….៕

RELATED ARTICLES