Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ទឹកត្រជាក់ និងទឹកក្តៅ

បរិយាយថ្ងៃនេះ ៖ ទឹកត្រជាក់ និងទឹកក្តៅ

ពាក្យស្លោកទើបបង្កើតថ្មីមួយថា “ទឹកត្រជាក់ និងទឹកក្តៅ អាចពន្លត់ភ្លើងបានដូចគ្នា” មានខ្លឹមសារប្រៀបធៀបល្អណាស់ ដែលផ្តោតទៅលើសកម្មភាពរបស់អ្នកនយោបាយ “ត្រជាក់ និងក្តៅ” សុទ្ធតែអាច “រំលត់អធិករណ៍” ឬធ្វើឱ្យមាន “ឯកភាពជាតិ”។ តាមការកត់សម្គាល់នៅកម្ពុជា តាំងពីរាជ្យណា រាជ្យណីមក អ្នកនយោបាយ “មិនសូវត្រជាក់” នោះទេ ប៉ុន្តែទោះជាប្រើយុទ្ធសាស្ត្រក្តៅ ក៏អាចពន្លត់ភ្លើងសង្គ្រាមបាន ដែល “នគរធំ” សូមលើកពាក្យស្លោកខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បើបរិយាយតាមន័យត្រង់ “ទឹកត្រជាក់” សំដៅដល់ទឹកពាង ទឹកអាង ទឹកស្រះ ទឹកត្រពាំង បឹង ទន្លេ សមុទ្រ ឬទឹកម៉ាស៊ីន អាចបាច ជះ បាញ់ពន្លត់អគ្គិភ័យ ឬភ្លើងចង្ក្រានធម្មតាបាន។ សូម្បីតែទឹកកក បើយកវាទៅដាក់លើរងើកភ្លើង ធ្វើឱ្យរលត់មិនខាន ជាពិសេស ទឹកភ្លៀង អាចពន្លត់ភ្លើងឆេះព្រៃយ៉ាងមានប្រសិទ្ធភាព។ រីឯ “ទឹកក្តៅ” សំដៅដល់ទឹកពុះ ឬទឹក ក្នុងបំពង់ ក្នុងម៉ាស៊ីនចម្រោះ នៅតែក្តៅហុយរហូត បើគេយកវាទៅចាក់ពន្លត់ភ្លើង នឹងរលត់អស់មិនខាន។ ជួនកាល កសិករ ដាំទឹកក្តៅនឹងកំសៀវ លើចង្ក្រានដុតអុស លុះទឹកនោះពុះ ក៏លើកកំសៀវចេញ រួចស្រោចទឹកក្តៅនោះទៅលើភ្លើង ក៏អាចធ្វើឱ្យភ្លើងរលត់។ ទឹកកកបោះទៅលើរងើកភ្លើង ឮសូរឈីវ!ៗ រីឯទឹកពុះស្រោចលើភ្លើងចង្ក្រាន ឮសូរឆុល!ៗ ប៉ុន្តែស្នូរឈីវ និងឆុល ធ្វើឱ្យភ្លើងរលត់ដូចគ្នា។

បើបរិយាយតាមន័យធៀប “ទឹកត្រជាក់” សំដៅដល់អ្នកនយោបាយ ប្រើយុទ្ធសាស្ត្រទន់ភ្លន់ ឬ “អហិង្សា” តែងយកការលះបង់ ឬ “សម្បទាន” សម្រាប់ដោះស្រាយជម្លោះ។ “មហាត្មៈ គន្ធី” បិតាឯករាជ្យឥណ្ឌា គឺជា “អ្នកនយោបាយអហិង្សា” ដោយអាចទាមទារឯករាជ្យពីអាណានិគមអង់គ្លេស ជូនជាតិមាតុភូមិរបស់គាត់បាន។ នៅក្នុងរឿង “ក្រុងសុភមិត្រ” ក៏បាន តំណាលពីស្តេចសុភមិត្រ សុខចិត្តលះបង់រាជសម្បត្តិឱ្យព្រះអនុជ ព្រះនាមអសុភមិត្រ ដែលចង់ធ្វើសង្គ្រាមដណ្តើមអំណាច ប៉ុន្តែព្រះរៀមជាតួអង្គព្រះពោធិសត្វ ខ្លាចស្លាប់ប្រជារាស្ត្រ ក៏នាំមហេសី និងបុត្រ ២អង្គ ភៀសព្រះកាយចេញពីព្រះនគរ ដោយសន្តិវិធី។ “ព្រះបាទអង្គតន់” អតីតព្រះមហាក្សត្រខ្មែរ ក៏ជា “ទឹកត្រជាក់” ដែរ ដោយយល់ព្រមថ្វាយរាជសម្បត្តិឱ្យ “ព្រះអង្គនន់” ជាគូជម្លោះ ដើម្បីប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ បន្ទាប់ពីស្តេចទាំងពីរអង្គនេះ ធ្វើសង្គ្រាមជាច្រើនឆ្នាំ ដែលម្ខាងពឹងសៀម ម្ខាងពឹងយួន។ បានន័យថា មហាបុរសឥណ្ឌា ព្រះបាទសុភមិត្រ ព្រះបាទអង្គតន់ គឺជា “អ្នកនយោបាយ ទឹកត្រជាក់” នេះឯង ដោយប្រើយុទ្ធសាស្ត្រ “លះបង់ បរិច្ចាគ សម្បទាន” ពន្លត់ភ្លើងសង្គ្រោម ដោយធម៌អហិង្សា។

ដោយឡែក “ទឹកក្តៅ” សំដៅដល់អ្នកនយោបាយប្រើ “យុទ្ធសាស្ត្រក្តៅ” ដូចស្តេចក្រុងអសុភមិត្រ ដែលលើកទ័ពទៅឡោមព័ទ្ធព្រះបរមរាជវាំង ប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាម ប្រឆាំងនឹងបងបង្កើត ។ រីឯ “ស្តេចកន និងព្រះចន្ទរាជា” សុទ្ធតែប្រើយុទ្ធសាស្ត្រក្តៅទៅវិញទៅមក បណ្តាលឱ្យស្រុកខ្មែរ កើតសង្គ្រាម១៤ឆ្នាំ ទើបរលត់ ដោយជ័យជម្នះបានទៅព្រះចន្ទរាជា។ ថ្នាក់ដឹកនាំខ្មែរ គ្រប់ជំនាន់ កម្រឃើញប្រើ “យុទ្ធសាស្ត្រទឹកត្រជាក់” ណាស់ ពោលគឺសុទ្ធតែប្រើ “យុទ្ធសាស្ត្រទឹកក្តៅ” ស្ទើរទាំងអស់ វៀរលែងតែ “ព្រះបាទជ័យជេដ្ឋាទី៣ ឬព្រះជ័យចេស្ត្កា អង្គស៊ូ” បើមានជម្លោះនយោបាយកើតឡើង ព្រះអង្គក៏ដាក់រាជ្យភ្លាម រួចយាងទៅសាងព្រះផ្នួស ដើម្បីរំលត់វិបត្តិនយោបាយ លុះព្រះរាជវង្ស និងនាហ្មឺន ស្គាល់កំហុស ដែលនាំឱ្យបែកបាក់ជាតិ ក៏នាំគ្នាទៅយាង “ស្តេចអហិង្សា” មកសោយរាជ្យវិញ។

ក្រឡេកមើលបច្ចុប្បន្នភាពវិញ ពួកប្រឆាំង បានចោទប្រកាន់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថា “កាន់អំណាចផ្តាច់ការ រំលោភសិទ្ធិមនុស្ស”ជាដើម។ ប៉ុន្តែគួរយល់ថា “ទឹកត្រជាក់ ឬទឹកក្តៅ” អាចពន្លត់ភ្លើងបានដូចគ្នា។ នៅក្នុង “លិខិតមិត្តអ្នកមាន” ផ្ញើមក “នគរធំ” ចុះផ្សាយ កាលពីពេលថ្មីៗនេះ ម្ចាស់លិខិតឈ្មោះនុត ឈឿម ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអតីតចាងហ្វាងកាសែត “សុជីវធម៌” បានសរសេរត្រង់ចំណុចជិតចប់ ថា “អំណាចផ្តាច់ការ ក៏មិនមែនជាគោលការណ៍ប្រជាធិបតេយ្យ ឬអាចប្រើគោលការណ៍ផ្តាច់ការ គឺធ្វើយ៉ាងណាឱ្យប្រទេស យើងមានសន្តិសុខតែប៉ុណ្ណោះ…សម្តេចតេជោ មិនខ្លាចនឹងប្រើនយោបាយនេះទេ ហើយប្រជាជនតែងតែគាំទ្រនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ជាដរាប…”។

សំណេររបស់អតីតចាងហ្វាងកាសែត និងទីប្រឹក្សានាយករដ្ឋមន្ត្រី រូបនេះ ចង់បង្ហាញថា សម្តេចហ៊ុន សែន “ប្រើយុទ្ធសាស្ត្រទឹកក្តៅ” ដើម្បីរក្សាសុខសន្តិភាពជូនជាតិមាតុភូមិនេះឯង ដែលមិនខុសពីយកទឹកកំពុងពុះក្នុងកំសៀវ ស្រោចពន្លត់ភ្លើងចង្ក្រាន ឮសូរឆុល!ៗ បណ្តាលឱ្យភ្លើងថយឥទ្ធិពល។

ទោះយ៉ាងណា “នយោបាយអហិង្សា” ឬយកទឹកត្រជាក់ពន្លត់អគ្គិភ័យ គ្មានគ្រោះថ្នាក់ដល់អ្នកពន្លត់នោះទេ ដូចភ្នាក់ងារដែលប្រើរថយន្តបាញ់ទឹកត្រជាក់ពន្លត់ភ្លើងឆេះផ្ទះ ទោះជាទឹកធ្លាយពីទុយោ ស្រោចមកលើខ្លួន ក៏អត់អីដែរ។ ផ្ទុយទៅវិញ ការយកទឹកក្តៅជះទៅលើភ្លើង គេធ្វើដោយប្រុងប្រយ័ត្នបំផុត ក្រែងរលាកទឹកក្តៅនោះ ជួនកាលច្រឡំយកប្រេងសាំង ជះទៅលើភ្លើង កាន់តែបង្កគ្រោះថ្នាក់ទ្វេឡើង។

ក្នុងឯកសារប្រវត្តិសាស្ត្រ “មហាបុរសខ្មែរ” ចារទុកថា ព្រះបាទស្រីជេដ្ឋាធិរាជ ឬស្តេចកន បានប្រើ “យុទ្ធសាស្ត្រក្តៅ” ទប់ទល់នឹងព្រះចន្ទរាជា ដែលប្រើ “យុទ្ធសាស្ត្រក្តៅ” ដូចគ្នា។ ស្តេចទាំងពីរអង្គនោះ កាន់អំណាចផ្តាច់ការដូចគ្នា សូម្បីតែសហការីជំនិត ក៏មិនយោគយល់ដែរ ដូចករណីស្តេចកន ទាញដាវកាប់តាហោរា ដាច់ក ប្រកាច់ស្លាប់ក្នុងរោងជំនុំ ដោយគ្រាន់តែខឹងហោរានោះទាយថា ព្រះអង្គនឹងអស់បុណ្យ បើមិនសម្របសម្រួលជាមួយព្រះចន្ទរាជា។ រីឯព្រះចន្ទរាជា ឬហ្លួងខាងលិច បានត្រាស់បង្គាប់ពេជ្ឈឃាត ឱ្យចាប់ “យមរាជសួស” ទៅកាត់ក្បាល ដោយខឹងមន្ត្រីចតុស្តម្ភរូបនេះ ប្រព្រឹត្តខុសនឹង “កតិកាសញ្ញា” ជាមួយហ្លួងខាងកើត។ យុទ្ធសាស្ត្រក្តៅ និងក្តៅ ប៉ះគ្នានេះ គឺលទ្ធផល “អ្នកខ្លាំងជាអ្នកឈ្នះ” អាចបញ្ចប់សង្គ្រាមបាន មិនខុសពីកងទ័ពខ្មែរក្រហម អាចយកឈ្នះកងទ័ពសេនាប្រមុខ លន់ នល់ ដោយប្រើយុទ្ធសាស្ត្រក្តៅដូចគ្នា។

នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ កងទ័ពហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ និងកងទ័ពស្មោះត្រង់នឹងសម្តេចហ៊ុន សែន សុទ្ធតែអនុវត្តតាមបទបញ្ជា “យុទ្ធសាស្ត្រក្តៅ” ដូចគ្នា ប៉ុន្តែជាលទ្ធផល “អ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ”។

ឥឡូវយើងឃើញលទ្ធផលឈ្នះ ត្រូវបានទៅបក្សកាន់អំណាច (CPP) បន្ទាប់ពីរុញច្រានអតីតបក្សសង្គ្រោះជាតិ (CNRP) ឱ្យខ្ទប់ជញ្ជាំង។ តាមការឃ្លាំមើល CNRP គ្មានអាវុធក្នុងដៃទេ ប៉ុន្តែបានប្រើ “យុទ្ធសាស្ត្រក្តៅ” ដែរ ជាហេតុនាំឱ្យ CPP ដែលធ្លាប់ក្តៅ តាំងពីឆ្នាំ១៩៧៩ មកនោះ ទ្រាំមិនបានក៏វាយផ្តាច់ព្រ័ត្រយកជ័យជម្នះ ដោយមិនឮស្នូរកាំភ្លើង។

ដូច្នេះយើងឃើញថា “នយោបាយក្តៅ” ឬ “ទឹកក្តៅពន្លត់ភ្លើងបាន” ប៉ុន្តែត្រូវធ្វើដោយប្រយ័ត្នប្រយែងបំផុត បើសិនជាភ្លាត់ស្នៀត អាចនាំគ្រោះអាសន្នដល់ប្រជាពលរដ្ឋ។ ករណី CPP អនុវត្តនយោបាយក្តៅ រុញពួកប្រឆាំងឱ្យទាល់ច្រក ស្រាប់តែសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ មិនខុសពីជះទឹកក្តៅពន្លត់ភ្លើង បើមិនប្រយ័ត្ន ទឹកក្តៅនោះ រលាកដៃជើងអ្នកជះ។

សរុបទៅ “ទឹកត្រជាក់ និងទឹកក្តៅ អាចពន្លត់ភ្លើងបានដូចគ្នា” មានខ្លឹមសារយ៉ាងនេះឯង។ “នគរធំ” ទទួលស្គាល់ថា ថ្នាក់ដឹកនាំប្រទេសនានា នៅលើពិភពលោក ភាគច្រើនប្រើ “យុទ្ធសាស្ត្រក្តៅ” ប៉ុន្តែគេប្រើវាដោយប្រុងប្រយ័ត្ន ខ្លាចទឹកក្តៅរលាកដៃ ពេលជះពន្លត់ភ្លើង។ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏ប្រើយុទ្ធសាស្ត្រនេះដែរ ប៉ុន្តែគាត់ឆ្លាត បានសម្របសម្រួលជាមួយគូសត្រូវ ដើម្បីបង្ការទឹកក្តៅរលាកដៃនេះឯង។ បើសិនជាគាត់ប្រើ “យុទ្ធសាស្ត្រត្រជាក់” ម៉្លេះសមប្រទេសគាត់ធ្លាក់ទៅក្រោមអាណានិគមរបស់គេមិនខាន។ រីឯកម្ពុជា ក៏យ៉ាងនេះដែរ បើត្រជាក់ពេក “រណបគេ” បើក្តៅពេក “រលាកដៃ” ដែលជាបរិបទសម្រាប់អ្នកនយោបាយក្តៅ ពិចារណា…៕

RELATED ARTICLES