នៅសុខៗ ស្រាប់តែតាញៀនកាហ្វេបួនប្រាំនាក់ បើកការសន្ទនាពាក់ព័ន្ធដល់ការរំលាយអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលតាពីរនាក់ បាននិយាយដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាញឹកញាប់ថា “ខ្មោច CNRP មិនរស់វិញទេ” ខណៈដែលតាពីរនាក់ទៀត និយាយថា “បើហ៊ានប្រថុយឱ្យ CNRP រស់វិញ CPP ចំណេញធំ”។ ការលើកឡើងរបស់តាញៀនកាហ្វេពីរនាក់នេះ ស្របនឹងសុភាសិតបារាំង ១ឃ្លាថា “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” (Qui ne risque rien n’a rien) ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរវត្តសន្សំកុសល រាជធានីភ្នំពេញ តែងតែបើក “វេទិកាតុកាហ្វេ” កំដរដោយល្បែងអុកចត្រង្គ។ ពីម្សិលមិញនេះ នាវេលារសៀល តាញៀនកាហ្វេពីរនាក់ បាននិយាយស្របគ្នាថា “ខ្មោចអតីតបក្សសង្គ្រោះជាតិ មិនរស់វិញទេ ទោះជាពួកអឺរ៉ុប ទាមទារឱ្យរស់វិញក៏ដោយ”។ រីឯតាពីរនាក់ទៀត និយាយស្របគ្នាថា “បើសិនជាហ៊ានប្រថុយ ឱ្យខ្មោចបក្សហ្នឹងរស់វិញ បក្សកាន់អំណាច ខាតតែដំបូង ទីបំផុតនឹងបានចំណេញធំណាស់”។ មតិយោបល់ផ្ទុយគ្នានេះ មកពីពួកគាត់ពូកែតាមដានរឿងនយោបាយ និងបង្ហាញថា តាពីរនាក់គាំទ្របក្សកាន់អំណាច (CPP) បើពួកគាត់បញ្ចោញទស្សនៈ តែងតែស្របមាគ៌ារបស់ CPP។ ចំណែកតាពីរនាក់ទៀត នៅតែបង្ហាញនិន្នាការប្រឆាំងដដែល តែជាការប្រឆាំងថ្លៃថ្នូរ តាមផ្លូវប្រជាធិបតេយ្យ សេរីពហុបក្ស។ បើពួកគាត់ប្រឆាំងថ្លៃថ្នូរបែបនេះ គួរយើងដកស្រង់ទស្សនៈពួកគាត់មកថ្លឹងថ្លែងដែរ ព្រោះជួនកាលអាចជួយបក្សកាន់អំណាច ឱ្យរកផ្លូវឈ្នះរហូត និងឈ្នះដោយសន្តិវិធី ប្រកបដោយកិត្តិយស។
ចំពោះសុភាសិតថា “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” គួរយើងពិចារណាដែរ សំដៅដល់កិច្ចការអ្វីក៏ដោយ បើមិនហ៊ានប្រថុយ មិនហ៊ានចំណាយ មិនហ៊ានខាត មិនហ៊ានខុស ច្បាស់ជារកចំណេញ ឬរកត្រូវមិនឃើញឡើយ។ សម្តីតាញៀនកាហ្វេ ពីរនាក់ ដែលចង់ឱ្យ CPP ប្រថុយប្រស់ CNRP រស់វិញនោះ ដោយសារតែអាមេរិក អឺរ៉ុប និងសហភាពអន្តរសភា (IPU) គាបសង្កត់ពាក់ព័ន្ធដល់បញ្ហា EBA ជាហេតុនាំឱ្យពួកគាត់ព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវភាពកម្មករ-កម្មការិនី ក៏ចង់ឱ្យ CPP សម្របសម្រួលបើកឱ្យ CNRP រស់វិញ។
ចំណុចនេះ “នគរធំ” យល់យ៉ាងច្បាស់ថា បក្សកាន់អំណាច មិនអាចធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុប បានឡើយ ប៉ុន្តែទោះយ៉ាងណា “បើសិនជាហ៊ានប្រថុយ” អាចរកឃើញផលចំណេញធំណាស់ ដែល “នគរធំ” សាកល្បងផ្តល់ទស្សនៈខ្លះៗ ស្របតាមសុភាសិតខាងលើ។
ស្ថានការណ៍នយោបាយនៅប្រទេសមីយ៉ានម៉ារ (ភូមា) មុនដំបូង ពួកឧត្តមសេនីយ៍យោធា បានចាប់លោកស្រីអោង សានស៊ូជី ឃុំឃាំងក្នុងផ្ទះ លុះមានការគាបសង្កត់ពីអន្តរជាតិ ទើបមានការដោះលែងលោកស្រី ឱ្យបានចូលរួមក្នុងការបោះឆ្នោត។ លោកថាន់ ស្វេ លោកថេន សេន ជាមនុស្សហ៊ានប្រថុយ សុខចិត្តដកខ្លួនពីឆាកនយោបាយ ប៉ុន្តែពួកឧត្តមសេនីយ៍ កូនចៅគាត់ នៅតែមានអំណាចក្នុងដៃរហូត។ នៅពេលលោកស្រីអោង សានស៊ូជី ជាប់ឆ្នោតបានដឹកនាំប្រទេស ចាំបាច់ត្រូវតែសម្របសម្រួលជាមួយពួកយោធា ទើបគាត់មិនអាចដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា បាន។ ភាពអសកម្មនេះ ធ្វើឱ្យអន្តរជាតិថ្កោលទោស ខ្លះចង់ដកពានរង្វាន់ណូបែលសន្តិភាពពីលោកស្រីទៀតផង។ លុះមានការបោះឆ្នោតស្ទាបស្ទង់មតិ ឃើញថា លោកស្រីអោង សានស៊ូជី ថយប្រជាប្រិយភាពខ្លាំងណាស់ ដែលអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ហ៊ានទស្សន៍ទាយថា អំណាចរដ្ឋ នឹងធ្លាក់ទៅដល់ដៃគណបក្សណាដែលស្និទ្ធនឹងពួកយោធា ឬថា នឹងមានឧត្តមសេនីយ៍ណាមួយ បានក្លាយជាអ្នកដឹកនាំបន្តវេនពីលោកថាន់់ ស្វេ លោកថេន សេន មិនខានឡើយ។
ដូចគ្នានេះដែរ ស្ថានការណ៍នៅ៍ម៉ាឡេស៊ី យើងឃើញលោកមហាធៀរ មហាម៉េដ ហ៊ានប្រថុយប្រគល់អំណាចឱ្យលោកណាជីប រ៉ាហ្សាក់ ហើយទីបំផុតប្រជារាស្ត្រម៉ាឡេស៊ី បានបោះឆ្នោតប្រគល់អំណាចជូនលោកមហាធៀរ ក្លាយជានាយករដ្ឋមន្ត្រី ដដែល និងត្រូវបានចាត់ទុកជា “មហាវីរបុរសម៉ាឡេស៊ី” ព្រោះតែលោកហ៊ានលះបង់នេះឯង។
ងាកមកកម្ពុជា យើងសង្កេតឃើញថា អតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយចោល និងដកសិទ្ធិមន្ត្រីបក្ស ១១៨នាក់ មិនឱ្យធ្វើនយោបាយ ៥ឆ្នាំមក ពួកប្រឆាំង ក៏បែកខ្ញែកគ្នារប៉ាត់រប៉ាយ ខ្លះនៅក្នុងស្រុកក៏ចុះចូលបក្សកាន់អំណាច រីឯអ្នករត់ទៅក្រៅស្រុក ក៏រស់នៅឆ្ងាយៗពីគ្នា ខ្លះនៅអាមេរិក ខ្លះនៅបារាំង អូស្ត្រាលី ហ្វាំងឡង់ កាណាដា។ មនុស្សដែលរស់នៅឆ្ងាយពីគ្នា យូរៗទៅចិត្តគំនិតក៏ឃ្លៀងឃ្លាតពីគ្នាដែរ ដូច្នេះបើសិនជា “បក្សកាន់អំណាច ហ៊ានប្រថុយ” ឬថា យល់ព្រមតាមការទាមទាររបស់សហភាពអឺរ៉ុប ដោយបើកផ្លូវឱ្យ CNRP រស់វិញ បានចូលប្រឡូកក្នុងការបោះឆ្នោត នោះ “តើមានរឿងអីដែលត្រូវខ្លាច?” រឿងមិនខ្លាចនេះ នៅត្រង់ពួកប្រឆាំង បែកខ្ញែកគ្នា១ ខ្វះធនធានមនុស្ស១ គ្មានអាវុធ ក្នុងដៃ១ គ្មានបានកសាងប្រទេស១ និងខ្វះខាតកត្តាផ្សេងៗទៀត។
ឧបមាថា CNRP ឈ្នះឆ្នោត តែខ្វះធនធានមនុស្ស ចាំបាច់ត្រូវតែជ្រើសបណ្ឌិតបញ្ញវន្ត ពីក្នុងជួរ CPP ទៅតែងតាំងក្នុងជួររដ្ឋាភិបាល ដោយរក្សាទុកនាយទាហាន នាយប៉ូលិស ដែលស្មោះត្រង់នឹង CPP ដដែល។ ឧបមាទៀតថា បើលោកសម រង្ស៊ី បានធ្វើនាយករដ្ឋមន្ត្រី ឬលោកកឹម សុខា ក្លាយជាប្រធានរដ្ឋសភា ដូចគម្រោងពីមុននោះ អាចដំណើរការទៅមុខបានតែមួយទំហឹងប៉ុណ្ណោះ ដោយមិនអាចអូសទាញនាយទាហាន នាយប៉ូលិស ឱ្យចូលធ្លុងបាន ដូចករណីលោកស្រីអោង សានស៊ូជី។ បើដូចការលើកឡើងនេះ CNRP អាចកាន់អំណាចបានត្រឹមពាក់កណ្តាលអាណត្តិ ក៏អស់ប្រជាប្រិយភាពមិនខាន ហើយដល់ពេលនោះ ប្រជារាស្ត្រច្បាស់ជាទាមទារឱ្យសម្តេចហ៊ុន សែន ឡើងជានាយករដ្ឋមន្ត្រីវិញ ដូចករណីលោកមហាធៀរ មហាម៉េដ ហើយសម្តេច អាចនឹងត្រូវចាត់ទុកជា “មហាវីរបុរសកម្ពុជា”។
ដូច្នេះយើងឃើញថា “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” បានន័យថា បើ CPP នៅតែញញើតពួកប្រឆាំង ដែលធ្លាប់ដណ្តើមបាន៥៥កៅអីរដ្ឋសភា និងជាង៥០០០កៅអីក្រុមប្រឹក្សាឃុំ-សង្កាត់នោះ បានត្រឹម “រកដំណោះស្រាយមិនឃើញ” ឬថា “ពួកប្រឆាំង នៅតែមិនស្ងប់ចិត្ត” ខណៈដែលសហភាពអឺរ៉ុប មិនលះបង់ការទាមទាររបស់ CNRP ឱ្យរស់វិញ។
នៅក្នុងឯកសារប្រវត្តិសាស្ត្រខ្មែរ យើងធ្លាប់បង្ហាញពីការហ៊ានប្រថុយរបស់ព្រះមហាក្សត្រជំនាន់មុន ដើម្បីប្តូរយកសន្តិភាព និងបង្រួបបង្រួមជាតិ ដូចជា “ព្រះបាទជ័យចេស្តា ឬជ័យជេដ្ឋាទី៣” ធ្លាប់ដាក់រាជ្យថ្វាយទៅស្តេចក្មួយ និងបុត្រប្រសា ជាដើម ដើម្បីឱ្យផុតពីជម្លោះនយោបាយ ហើយជាចុងក្រោយ ដោយសារការលះបង់នេះ ប្រជារាស្ត្រក៏សុំយាងព្រះអង្គមកសោយរាជ្យវិញ។ រីឯព្រះអង្គតន់ បានផ្ទេររាជសម្បត្តិថ្វាយទៅ “ព្រះអង្គនន់” ដើម្បីបញ្ចប់សង្គ្រាម…។
ទោះយ៉ាងណា ខាងលើនេះ គ្រាន់តែជាការបកស្រាយសុភាសិត “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” ស្របទៅតាមទស្សនៈតាញៀនកាហ្វេប៉ុណ្ណោះ។ យើងអាចសន្និដ្ឋានបានថា ទោះក្នុងកាលៈទេសៈណាក៏ដោយ បក្សកាន់អំណាច មិនអាច “ប្រថុយស្រួលៗ” បានឡើយ ព្រោះអំណាចនៅក្នុងដៃ បើបណ្តែតបណ្តោយឱ្យធ្លាក់ទៅដល់ដៃគូប្រជែង អាចធ្វើឱ្យអំណាចនោះមានការប្រែប្រួល មានឧបមាដូច “ឱ្យឆ្នាំងសស្អាតទៅគេខ្ចីដាំបាយមួយរយៈ ពេលយកមកវិញ ឆ្នាំងនោះខ្មៅអ៊ូញ ព្រោះតែអ្នកខ្ចីនោះ មិនចេះដុសសម្អាត”។ យ៉ាងណាមិញ CPP ច្បាស់ជាមិនហ៊ានប្រថុយរបស់ CNRP ឱ្យរស់វិញ ឬសុខចិត្តបណ្តោយឱ្យឈ្នះឆ្នោតនោះទេ។
សរុបទៅ “បើមិនហ៊ានប្រថុយ គ្មានបានការអ្វីទាំងអស់” មានខ្លឹមសារយ៉ាងនេះឯង។ បក្សកាន់អំណាច នឹងមិនប្រថុយប្រថានតាមការចង់បាន ឬថា ក្រែងតែពួកប្រឆាំងបែកបាក់គ្នា ចែកជាពីរជាបីក្រុម និងបង្កើតបក្សថ្មីទៀត និងមិនឱ្យមានឈ្មោះ “សង្គ្រោះជាតិ ឬ CNRP” នៅក្នុងសង្វៀននយោបាយកម្ពុជា ទៀតទេ ដែលជាបរិបទសម្រាប់អ្នកនយោបាយប្រឆាំង ពិចារណា…៕