Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា

បរិយាយថ្ងៃនេះ ៖ ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា

សុភាសិតខ្មែរមួយថា “ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” មានខ្លឹមសារផ្តោតជាសំខាន់ទៅលើអំពើពុករលួយ អយុត្តិធម៌សង្គម ដែលវាកើតឡើងពីប្រភពមិនស្អាត។ ករណីមានការផ្លាស់ប្តូរអភិបាលខេត្ត អភិបាលស្រុក ស្នងការអធិការនគរបាល ញឹកញាប់ គឺបណ្តាលមកពីមូលដ្ឋាននោះ មានអំពើពុករលួយ បំពានច្បាប់ លុះដាក់អ្នកដឹកនាំថ្មី ក៏គ្មានការប្រែប្រួលប៉ុន្មាន ហួសពីអ្នកដឹកនាំចាស់។ ភាពអសកម្មនេះ មកពីប្រភពមិនស្អាត ធ្វើយ៉ាងណាក៏ថ្នាក់ក្រោមមិនស្អាតដែរ ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ប្រភពទឹកបរិសុទ្ធ” សំដៅទឹកភ្លៀងដែលធ្លាក់ទៅលើតំបន់ភ្នំខ្ពស់ៗ ដូចជា ភ្នំបូកគោ ភ្នំគូលែន ភ្នំក្រវាញ ជាដើម ក៏ហូរតាមក្រហែងថ្ម ទៅក្រោម ក្លាយជាអាងទឹកស្អាត រួចវាធ្លាក់ជាល្បាក់ទឹកទៅក្រោម កើតជាជ្រោះថ្លាដូចកញ្ចក់។ ទឹកជ្រោះនេះ ក៏ក្លាយជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ឱ្យទៅលេងកម្សាន្តមិនដែលដាច់ប្រភពចំណូល ដូចជា ទឹកជ្រោះភ្នំគូលែន, ទឹកជ្រោះគិរីរម្យ, ទឹកឈូ, ប៊ូស្រា ជាដើម។

ផ្ទុយទៅវិញ ទឹកដែលធ្លាក់ពីបង្គន់ ឬបន្ទប់ទឹកនៅទីក្រុង ក៏ហូរតាមលូទៅធ្លាក់ក្នុងប្រឡាយ ធុំក្លិនស្អុយលាមក ដែលទឹកប្រភេទនេះ គ្មានទេសចរណាចង់ទៅជិតទេ សូម្បីតែការធ្លាយលូទឹកស្អុយតាមដងវិថីនានា ក៏គេខ្ទប់ច្រមុះ ឬរិះគន់អាជ្ញាធរមូលដ្ឋាន ដែលមើលមិនឃើញកន្លែងស្អុយ នេះបើបរិយាយតាមអត្ថានុរូប ឬន័យត្រង់។

បើគិតតាមអត្ថប្បដិរូប ឬន័យធៀប “ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” សំដៅដល់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ក្រសួង មន្ទីរ ការិយាល័យ បើមានប្រភពពីលើស្អាត ថ្នាក់ក្រោមក៏ស្អាតដែរ។ កាលពីសម័យឆ្នាំ១៩៧០ ដល់១៩៧៥ ទឹកដីកម្ពុជា ប្រមាណ ៩០% គ្រប់គ្រងដោយ “រណសិរ្សរួបរួមជាតិកម្ពុជា” ដែលមានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះប្រធាន មានភាពស្អាតស្អំណាស់ ដែលកាលនោះ រាជរដ្ឋាភិបាលនិរទេស ទោះជាគ្មានអាសនៈនៅអង្គការសហប្រជាជាតិក្តី ក៏រចនាសម្ព័ន្ធថ្នាក់ក្រោម គ្មានអំពើពុករលួយអ្វីឡើយ ខណៈដែលក្រុមប្រឹក្សាស្រុកនីមួយៗ មានឈ្មោះថា “គណៈកម្មាធិការបម្រើប្រជាជនស្រុក”។ គណៈស្រុក ឬប្រធានយោធាស្រុក ជំនាន់នោះ មានតែខោអាវខ្មៅ ២សម្រាប់ វិទ្យុតូច១ និងម៉ូតូហុងដា ១គ្រឿង សម្រាប់ប្រើប្រាស់ ក៏ព្យាយាមតស៊ូរហូតរំដោះជាតិមាតុភូមិបាន ព្រោះតែភាពស្អាតស្អំនេះ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿ ក៏ចូលរួមក្នុងមហាសាមគ្គីជាតិ។ ផ្ទុយទៅវិញ របបលន់ នល់ ដែលពុករលួយ កិបកេងប្រាក់ជំនួយអាមេរិក ឬមេធំៗលួចស៊ីប្រាក់ខែទាហានខ្មោច ក៏ស៊ីតាមគ្នាតាំងពីលើដល់ក្រោម បណ្តាលឱ្យរបបនេះ ដួលរលំចាញ់ដៃកងទ័ពរំដោះ ដែលក្រោយមក ក៏ក្លាយជាទ័ពខ្មែរក្រហម។

ចូលមកដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏មានភាពស្អាតស្អំដែរ ដោយសារថ្នាក់លើធ្វើគំរូល្អ មានតែអាវស ពាក់ស្បែកជើងផ្ទាត់ ចេញទៅធ្វើការ រីឯប្រធានខេត្ត-ស្រុក ឃុំ ក៏ស្អាតស្អំដែរ ដែលម្នាក់ៗបានតែរបបអង្ករក្រហម ក្រណាត់ សាប៊ូ ប្រេងកាត ម្សៅពោត ហើយរកតែកង់ជិះមិនទាន់បានផង។ ក្រោយមក នៅពេលថ្នាក់លើប្រែប្រួលទៅជាពាក់អាវ គ្រ័រសេ ចងក្រវាត់ក មានសូហ្វ័របើកឡានជូន អាជ្ញាធរថ្នាក់ក្រោម ក៏ប្រឹងដេញតាម ព្យាយាមរកលុយតាមមធ្យោបាយ រហូតមានវីឡា ឡានទំនើប ខ្លះក៏មានប្រពន្ធចុង…។

ដូច្នេះមានន័យថា “ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” ប៉ុន្តែបើប្រភពចេញពីបង្គន់ វាបង្កើតប្រឡាយទឹកស្អុយ ចៀសមិនផុតឡើយ។ អំពើពុករលួយ គ្មានអ្នកណាមើលឃើញ ឬចាប់ភ័ស្តុតាងបានដោយស្រួលៗនោះឡើយ ប៉ុន្តែគេអាចចំណាំបានថា បើប្តីធ្វើមន្ត្រីអាជ្ញាធរ ឯប្រពន្ធនៅតែផ្ទះសោះ ស្រាប់តែមានសម្បុកសម្បត្តិមិនធម្មតានោះ ច្បាស់ជាអ្វីៗកើតពីអំពើពុករលួយតែម្តង បើបើកឱ្យមានការស៊ើបអង្កេត ច្បាស់ជាមន្ត្រីនោះវ័ណ្ឌក។

ក្រឡេកមើលបច្ចុប្បន្នវិញ ឃើញថា មានការផ្លាស់ប្តូរ និងតែងតាំងចៅហ្វាយខេត្ត ចៅហ្វាយស្រុក ស្នងការ អធិការ ប៉ូលិស និងមន្ត្រីជំនាញផ្សេងទៀតជារឿយៗ។ ខេត្តណាមានបញ្ហាព្រៃឈើ បង្ក្រាបមិនឈ្នះ ក៏ដូចខេត្ត-ក្រុង មានបទល្មើស ល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ពិបាកទប់ស្កាត់ តែងផ្លាស់ប្តូរអភិបាលខេត្ត ឬស្នងការប៉ូលិស ញឹកជាងគេ។ ពួកគាត់ធ្វើការមិនបានប៉ុន្មានឆ្នាំផង ក៏ផ្លាស់អ្នកថ្មីមកទៀត ដោយយកអ្នកចាស់ទៅធ្វើការនៅក្រសួង ក្លាយជាទម្លាប់ទៅហើយ។ នៅពេលបើកពិធីផ្ទេរតំណែងម្តងៗ មេក្រសួង តែងណែនាំមន្ត្រីអាជ្ញាធរចូលថ្មីនោះថា “បញ្ហាព្រៃឈើ ត្រូវធ្វើឱ្យបាន” សម្រាប់ខេត្តណាដែលមានបទល្មើសព្រៃឈើ បង្ក្រាបមិនឈ្នះ។ លុះលោកខេត្តនោះ ចូលកាន់តំណែង ក៏នៅតែមានរថយន្តដឹកឈើប្រណីតទៅលក់នៅប្រទេសវៀតណាម ឡើងខូងផ្លូវដដែល។ កត្តានេះហើយ ជាហេតុនាំឱ្យប្រជាពលរដ្ឋមើលឃើញថា លោកខេត្តថ្មី ក៏ដូចលោកខេត្តចាស់ លោកមេប៉ូលិសថ្មី ក៏ដូចលោកមេប៉ូលិសចាស់ ឬ “មួយដំប និងបួន”។ យើងសាកល្បងរក ចំណុចខ្សោយដែលជាហេតុនាំឱ្យ “គ្មានប្រភពទឹកបរិសុទ្ធ” បែរជាលេចចេញ “ប្រភពទឹកស្អុយ” ដូចខាងក្រោម ៖

-ករណីបទល្មើសព្រៃឈើ ៖ អាចថាមកពីមានច្បាប់បើកឱ្យក្រុមហ៊ុនសម្អាតបាតអាងទំនប់វារីអគ្គិសនី និងក្រុមហ៊ុនស្របច្បាប់ នាំឈើចេញ ដោយបង់ពន្ធជូនរដ្ឋ។ កាលបើមានក្រុមហ៊ុនស្របច្បាប់បែបនេះ ច្បាស់ជា “មុងធំបន្លំដេក” មិនខានឡើយ ប៉ុន្តែបើថ្នាក់លើបិទក្រុមហ៊ុនស្របច្បាប់ទាំងនោះ នឹងគ្មានមុងធំបន្លំដេកទៀតទេ ឯព្រៃឈើក៏នៅគង់វង្ស។

-ករណីចោរកម្ម បង្ក្រាបមិនចេះអស់ ៖ អាចថា មកពីមានកាស៊ីណូស្របច្បាប់ ច្រើនកន្លែងពេក។ កាស៊ីណូ ជាប្រភពចំណូលថវិកាជាតិក៏ពិតមែន ប៉ុន្តែក៏មានល្បែងកន្ទុយលេខ បៀអាប៉ោង ជល់មាន់ កើតនៅតាមមូលដ្ឋាន ដោយសារតែសមត្ថកិច្ចខិលខូចមួយចំនួនតូចសមគំនិត។ ចោរកម្ម វាកើតពីល្បែង ទើបសម្តេចឪ ព្រះបរមរតនកោដ្ឋ បានត្រាស់បង្គាប់ឱ្យបិទកាស៊ីណូទាំងអស់ ធ្វើឱ្យសម័យសង្គមរាស្ត្រនិយម មិនសូវមានចោរ។ អ៊ីចឹងបើសិនជាថ្នាក់លើ សាកល្បងបិទកាស៊ីណូទាំងអស់ ច្បាស់ជាគ្មានសមត្ថកិច្ចណាហ៊ានសមគំនិតជាមយមេកន្ទុយលេខទៀតទេ ធ្វើឱ្យចោរកម្ម រាបទាបឯងៗ មិនបាច់បង្ក្រាប។

-ករណីអយុត្តិធម៌សង្គម ៖ កាលពីពេលថ្មីៗនេះ ក៏មានការិះគន់ពីថៅកែហាងសាំង ដែលកេងប្រវ័ញ្ច លក់សាំង១០លីត្រ បានតែ៨លីត្រ និងកែសាំងធម្មតា ជាសាំងស៊ុបពែរ។ រឿងសាំងនេះ ត្រូវបានលោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រិះគន់តាមហ្វេសប៊ុកថា “ចុះប្រេងដែលលួចរាប់ឆ្នាំមកហើយ អស់រាប់ពាន់រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា? ហេតុអ្វីចោរលួចកង់ម៉ូតូ ដែលមានតម្លៃតែបន្តិចបន្តួចសោះ ត្រូវជាប់គុក? ឯចោរដែលលួចប្រេងអស់រាប់ម៉ឺនរាប់សែនលីត្រ គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់?” ចំណុចនេះ អាចថាមកពី “យល់ញាតិឃ្លាតច្បាប់” ព្រោះថៅកែសាំង មានញាតិ រីឯចោរលួចកង់ ឬចោរលួចដែកអេតចាយ គ្មានញាតិ បានជាជាប់គុក ដែលជាមូលហេតុនៃ “អយុត្តិធម៌សង្គម”។ បើថ្នាក់លើកុំយល់ញាតិ បក្ខពួក បងប្អូន តើអយុត្តិធម៌សង្គមកើតពីណា?

-ករណីបន្ទោសសង្ឃគ្មានវិន័យ ៖ មកពីថ្នាក់លើប្រឹងកសាងតែវត្តអារាម ដោយមិនបង្កើតសាលាធម្មវិន័យ និងរកគ្រូបង្រៀន ដាក់ទៅគ្រប់វត្ត លុះភិក្ខុ សាមណេរ ធ្វើខុសវិន័យ តើបន្ទោសអ្នកណា?…៘

ដូច្នេះយើងឃើញថា ករណីព្រៃឈើ ករណីចោរកម្ម ករណីអយុត្តិធម៌សង្គម ករណីវិន័យសង្ឃ និងករណីផ្សេងៗទៀត មកពី “ខ្វះប្រភពទឹកបរិសុទ្ធ” ដោយសម្បូរតែទឹកចេញពីបង្គន់ ទើបវាអ៊ីចឹងទៅ។ បើសិនជាមានសុទ្ធតែទឹកថ្លាដូចកញ្ចក់ហូរពីលើភ្នំនោះ ទឹកជ្រោះនៅទំនាប នឹងថ្លាស្អាត គ្មានមន្ទិលសៅហ្មង មិនខកបំណងអ្នកទៅកម្សាន្តនោះឡើយ។ ប្រទេសជប៉ុន ដាណឺម៉ាក់ ន័រវេយ៍ ស្វីស ដោយសារគេមានប្រភពទឹកបរិសុទ្ធ ទើបស្រុកគេស្អាតស្អំណាស់ ដូចនៅ ជប៉ុន ដេកយប់មិនបាច់ បិទទ្វារទេ ព្រោះគ្មានចោរហារយដូចស្រុកខ្មែរ។

សរុបទៅ “ទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” ពុំមែនមានន័យបន្តុះបង្អាប់ជាតិសាសន៍ឯងនោះទេ ប៉ុន្តែអ្វីៗជាការពិត។ ទោះជា “ពាក្យពិតរែងស្លែង” ក៏ត្រូវតែជួយកែលម្អគ្នា ដើម្បីកម្ពុជា មានទឹកជ្រោះថ្លា ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ទៅកម្សាន្ត។ ធម្មតា “ច្បាប់ច្រើនពេក យុត្តិធម៌តិច” តែបើព្យាយាមអនុវត្តច្បាប់ឱ្យបានម៉ឺងមាត់ តាំងពីលើដល់ក្រោម ឬថ្នាក់លើធ្វើគំរូគេ ច្បាស់ជាថ្នាក់ក្រោម ដើរត្រង់ផ្លូវ មិនធ្លាក់ជង្ហុកនោះទេ…៕

RELATED ARTICLES