Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ យុទ្ធសាស្ត្រស៊ីឡាក

បរិយាយថ្ងៃនេះ ៖ យុទ្ធសាស្ត្រស៊ីឡាក

បន្ទាប់ពីពួកប្រឆាំងនៅក្រៅប្រទេស បានស្រុះស្រួលគ្នាលើកលោកសម រង្ស៊ី ឱ្យធ្វើជា “ប្រធានស្តីទី CNRP” ដើម្បីធ្វើនយោបាយជំនួសលោកកឹម សុខា ដែលជាប់ក្នុងការឃុំខ្លួនក្នុងផ្ទះនោះ អ្នកវិភាគមើលឃើញថា នេះជា “យុទ្ធសាស្ត្រស៊ីឡាក” ដែលលោកសម រង្ស៊ី យកមកប្រើទប់ទល់នឹង “យុទ្ធសាស្ត្របំបែក”។ ជាទូទៅ អ្នកនយោបាយ មានខួរក្បាលខុសពីមនុស្សសាមញ្ញ ប៉ុន្តែអ្នកវិភាគខ្លះ ក៏មានភ្នែកមុត មើលធ្លុះស្ថានការណ៍នានា ដែលអ្នកនយោបាយកំពុងធ្វើ ដែល “នគរធំ” សូមលើកពីរឿង “យុទ្ធសាស្ត្រស៊ីឡាក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “ឡាក ឬហ្លាក” ជាភាសាសៀម ដែលខ្មែរយើងយកមកប្រើសំដៅដល់ “ងាក ឬទាញគំនិតចេញឱ្យខុសផ្លូវ ដែលផ្សេងប្លែកពីប្រក្រតី ឬខុសពីផ្លូវខុសពីគំនិត”។ បើថែម “ស៊ី” ពីមុខ មានន័យថា គេចាំតែស៊ីផលចំណេញពីការទាញឱ្យខុសផ្លូវនោះយ៉ាងងាយស្រួលបំផុត ដោយមិនចាំបាច់ចំណាយកម្លាំង។

ករណីចាប់ខ្លួនលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដាក់គុកត្រពាំងផ្លុង រួចបញ្ជូនមកបន្តឃុំខ្លួនក្នុងផ្ទះនោះ គឺមកពីមានការចោទប្រកាន់ពីបទ “សន្និដ្ឋភាពជាមួយបរទេស” ឬ “ក្បត់ជាតិ” ដែលតុលាការកំពុងចាត់ការស៊ើបអង្កេតមិនទាន់កាត់ទោសនៅឡើយ។ បើអ្វីៗចេញពីច្បាប់បែបនេះ គ្មានបុគ្គលណាអាចដើររំលងតុលាការបានឡើយ វៀរលែងតែ “ព្រះរាជសិទ្ធិ” ប៉ុន្តែបើព្រះរាជក្រឹត្យមិនទាន់ចេញ អាចឱ្យអ្នកនយោបាយប្រឆាំង យកអំណាចតុលាការ ទៅ “ស៊ីឡាក” បានយ៉ាងស្រួល ដូចអ្វីដែលយើងសូមបង្ហាញខាងក្រោម ៖

កាលពីប៉ុន្មានថ្ងៃមុននេះ ពួកប្រឆាំង ក្រោមការដឹកនាំរបស់លោកសម រង្ស៊ី បានទៅជួបជុំគ្នានៅទីក្រុងអាត្លង់តា រដ្ឋចចជា សហរដ្ឋអាមេរិក ដោយសម្រេចជ្រើសតាំងលោកសម រង្ស៊ី ជា “ប្រធានស្តីទី CNRP” ខណៈដែលពួកប្រឆាំងខ្សែលោក កឹម សុខា នាំគ្នាជំទាស់។ បន្ទាប់ពីយល់ព្រមទទួលតំណែងនេះមក លោកសម រង្ស៊ី បានថ្លែងត្រង់ចំណុចមួយថា “ថ្នាក់ដឹកនាំ និងអ្នកគាំទ្រទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ដែលជាពាក្យស្លោក និងជានិមិត្តរូបនៃការរួបរួមរបស់គណបក្ស អ្នកណាគាំទ្រសម រង្ស៊ី គឺគាំទ្រកឹម សុខា។ អ្នកវាយប្រហារកឹម សុខា គឺវាយប្រហារសម រង្ស៊ី ហើយអ្នកវាយប្រហារសម រង្ស៊ី គឺវាយប្រហារកឹម សុខា”។ ដោយឡែក លោកមុត ចន្ថា ក៏ដូចកញ្ញាកឹម មនោវិទ្យា បានប្រកាសមិនទទួលស្គាល់ការតែងតាំងនេះទេ ជាពិសេស ក្រុមមេធាវីលោកកឹម សុខា បានបង្ហាញសំណេរពាក្យពេចន៍លោកកឹម សុខា ដែល មិនគាំទ្រក្រុមលោកសម រង្ស៊ី បានន័យថា ទាំងពីរក្រុមនេះកំពុងបែកបាក់គ្នា ដូចអ្វីដែលអ្នកគាំទ្រ CPP បានលើកឡើងស្រុះគ្នា។

ដូច្នេះសួរថា “យុទ្ធសាស្ត្រស៊ីឡាក” នៅត្រង់ចំណុចណា? យើងអាចឆ្លើយបានថា លោកសម រង្ស៊ី ក៏ដឹងថា ខ្សែលោកកឹម សុខា មិនសូវពេញចិត្តនឹងនយោបាយរបស់គាត់ដែរ តែគាត់ថា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” និងបញ្ជាក់ថា ដោយសារតែលោកកឹម សុខា គ្មានសេរីភាព ដូច្នេះរាល់ពាក្យសម្តី ឬសំណេរផ្ទាល់ដៃ ក៏ដូចជាការនាំពាក្យរបស់មេធាវី “ពុំមែនជាការពិត”។ ការលើកឡើងរបស់លោកសម រង្ស៊ី មានន័យថា គាត់ “គោរពច្បាប់តុលាការ” បើតុលាការបង្គាប់ឱ្យឃុំខ្លួនបុគ្គលណា ហើយបុគ្គលនោះគ្មានសិទ្ធិធ្វើអ្វីៗបានតាមចិត្តនោះទេ ជាពិសេសរឿងនយោបាយ ដូច្នេះករណីលោកកឹម សុខា កំពុងជាប់ឃុំក្នុងផ្ទះ ក្រោមអំណាចតុលាការនោះ “លោកសម រង្ស៊ី អាចស៊ីឡាកពីអំណាចតុលាការ” ដោយលើកឡើងថា លោកកឹម សុខា មិនអាចនិយាយរឿងនយោបាយបានឡើយ។

“យុទ្ធសាស្ត្រស៊ីឡាក” នេះ គេចាក់បណ្តោយតាម ឬ “អូសទូកបណ្តោយទឹក” ក៏ថាបាន ដោយគេវាយស្របនឹងច្បាប់រហូត តែតាមពិត ជាការចំអកឱ្យច្បាប់សោះ។ នៅក្នុងរឿង “ធនញ្ជ័យ” ក៏មានល្បិចស៊ីឡាកបែបនេះដែរ ដូចក្នុងវគ្គមួយ បានតំណាលពីស្តេចប្រើស្រីស្នំឱ្យទៅជុះដាក់ផ្ទះធនញ្ជ័យ ព្រោះតែស្តេចស្អប់អ្នកប្រាជ្ញនេះខ្លាំងពេក។ ធនញ្ជ័យ មិនហ៊ានប្រឆាំងនឹងច្បាប់ “សម្បូណ៌ាជ្ញា សិទ្ធិរាជ្យ” នោះទេ ព្រោះអំណាចស្តេចធំណាស់ គ្រាន់តែប្រាប់ពពួកស្រីក្នុងវាំងថា “ជុះក៏ជុះចុះ តែកុំនោម” ប្រាប់រួច ធនញ្ជ័យ កាន់រំពាត់ ដើរក្រឡឹងមើលស្រីៗជុះ លុះឃើញពួកនាងនោមផង ផោមផង ក៏ដេញវាយប៉ោងសំពត់ បណ្តាលឱ្យអស់អ្នកអស់នាង កើតទុក្ខមិនសុខចិត្ត ក៏រត់ទៅទូលស្តេច។ ព្រះមហាក្សត្រ ក៏ត្រាស់បង្គាប់អាមាត្យទៅចាប់ធនញ្ជ័យ មកកាត់ទោស ប៉ុន្តែ អាមាត្យមិនហ៊ានចងអ្នកប្រាជ្ញនេះទេ បានត្រឹមបណ្តើរចូលវាំងតាមសម្រួល។ ស្តេចក៏ចោទប្រកាន់ថា ធនញ្ជ័យ មិនគោរពព្រះមហាក្សត្រ ប៉ុន្តែធនញ្ជ័យ “ស៊ីឡាក” យ៉ាងស្រួល ដោយដោះសាថា គាត់គោរពព្រះមហាក្សត្រ ខ្លាំងណាស់ តែអស់អ្នកអស់នាងទាំងនោះទេ ដែលមិនគោរពព្រះមហាក្សត្រ ព្រោះព្រះអង្គប្រើទៅជុះអាចម៍ ពួកនាងមិនស្តាប់ព្រះតម្រាស់ បែរជាហ៊ាន “នោមផង ផោមផង”។ ទីបំផុត នយោបាយស៊ីឡាករបស់ធនញ្ជ័យ ធ្វើឱ្យស្តេចចាប់ទោសមិនកើត ព្រោះមកពីព្រះអង្គត្រាស់បង្គាប់ឱ្យទៅជុះ មិនបានប្រាប់ឱ្យទៅនោមទៅផោមឯណា។

ដូច្នេះយើងឃើញថា “យុទ្ធសាស្ត្រស៊ីឡាក” គេយកមកប្រើដោះទាល់ ប្រកបដោយភាពប៉ិនប្រសប់ សូម្បីតែលោកសម រង្ស៊ី ក៏ទំនងជាប្រើយុទ្ធសាស្ត្រនេះដែរ គឺគាត់ធ្វើជាគោរពតុលាការណាស់ ព្រោះចៅក្រមបានកាត់ក្តីលោកកឹម សុខា មិនឱ្យធ្វើនយោបាយបាន លុះមេធាវីបញ្ចោញសាររបស់លោកកឹម សុខា អាចឱ្យលោកសម រង្ស៊ី ស៊ីឡាកយ៉ាងស្រួល។ យុទ្ធសាស្ត្រនេះ គេអាចប្រើ “ទប់ទល់នឹងការបែកបាក់ ឬបំបែក” ជាក់ស្តែង លោកសម រង្ស៊ី ដឹងថា មានគេអូសទាញខ្សែកឹម សុខា ឱ្យជំនាស់នឹងនយោបាយរបស់គាត់ ដូចការចោទថា “បក្សប្រហារ” ប៉ុន្តែលោកសម រង្ស៊ី មិននិយាយរឿងបក្សប្រហារនេះទេ ដោយផ្តាំផ្ញើសហការី កុំចងគំនុំគុំកួនគ្នា ឬវាយកឹម សុខា ដូចវាយសម រង្ស៊ី៘ បើគាត់និយាយអ៊ីចឹង ក៏ដូចទប់ការបែកបាក់នេះឯង ព្រោះបែកបាក់យ៉ាងម៉េច បើតំណែងលោកកឹម សុខា ជាប្រធាន CNRP នោះ នៅដដែល គ្មានអ្នកណាដកផង។

គួរយល់ថា “យុទ្ធសាស្ត្រស៊ីឡាក” គេប្រើ “ទប់ទល់យុទ្ធសាស្ត្របំបែក” ហើយបើចង់យកឈ្នះ “យុទ្ធសាស្ត្រស៊ីឡាក” គេត្រូវបើ “យុទ្ធសាស្ត្របង្រួបបង្រួម”។ ករណីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលម្ហនយោបាយ ត្រង់ចំណុចមួយថា “រដ្ឋសភាជាតិកម្ពុជា កំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ អនុញ្ញាតឱ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ” គឺមានន័យថា “យុទ្ធសាស្ត្របង្រួបបង្រួម សម្រាប់ទប់យុទ្ធសាស្ត្រស៊ីឡាក” នេះឯង។

ឥឡូវស្ថានការណ៍នៅត្រឹម “យុទ្ធសាស្ត្រស៊ីឡាក” ដែលលោកសម រង្ស៊ី កំពុងយកមកប្រើ ធ្វើដូចជាគាត់គោរពតុលាការខ្លាំងណាស់ ទើបគាត់ថា លោកកឹម សុខា មិនអាចនិយាយស្តី ឬសរសេរអ្វីពាក់ព័ន្ធនយោបាយទេ ព្រោះនៅក្នុងនីតិវិធីរបស់តុលាការ។ រឿងលោកសម រង្ស៊ី ស៊ីឡាកច្បាប់តុលាការ ក៏មិនខុសពីធនញ្ជ័យ ស៊ីឡាកព្រះរាជបញ្ជាយ៉ាងនេះដែរ ដែលតាមពិត ធនញ្ជ័យ គ្មានបំណងវាយស្រីស្នំដែលទៅនោម ទៅផោមដាក់ផ្ទះគាត់នោះទេ តែគាត់ធ្វើរបៀបនេះ គឺប្រឆាំងស្តេចសុទ្ធសាធ តែជាការប្រឆាំងបែបស៊ីឡាក ចាប់កំហុសគាត់មិនបាន។ ចំណែកពួកប្រឆាំងខ្សែលោកកឹម សុខា ក៏ពិបាកបន្ទោសលោកសម រង្ស៊ី ដែរ ព្រោះគាត់មិនប្លន់តំណែងលោកកឹម សុខា បានទាំងហាមក្រុមសហការី កុំឱ្យឈ្លោះគ្នា ឱ្យរួបរួមគ្នាជាធ្លុងមួយជាដើម។

សរុបទៅ “យុទ្ធសាស្ត្រស៊ីឡាក” គេប្រើសម្រាប់ “ទប់យុទ្ធសាស្ត្របំបែក” រីឯ “យុទ្ធសាស្ត្របង្រួបបង្រួម” គេប្រើ “ទប់យុទ្ធសាស្ត្រស៊ីឡាក” ដែលយុទ្ធសាស្ត្រទាំង៣នេះ មានចារទុកនៅក្នុងក្បួនតម្រានានា។ អ្នកនយោបាយខ្មែរ ក៏ប្រើតែយុទ្ធសាស្ត្រទាំង៣ហ្នឹង ចៀសមិនរួចទេ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ន វានៅក្នុង “យុទ្ធសាស្ត្រស៊ីឡាក” ដែលលោកសម រង្ស៊ី កំពុងធ្វើ ដោយមិនទទួលស្គាល់សំណេរ ឬពាក្យសម្តីលោកកឹម សុខា ប៉ុន្តែថា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ពិចារណា ដោយប្រញាប់ចេញ “យុទ្ធសាស្ត្របង្រួបបង្រួម” ឱ្យបានលឿន ទើបអាចទប់ទល់នឹង “យុទ្ធសាស្ត្រស៊ីឡាក” នេះបាន៕

RELATED ARTICLES