Friday, January 24, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ យុទ្ធសាស្ត្រត្រីបក

បរិយាយថ្ងៃនេះ ៖ យុទ្ធសាស្ត្រត្រីបក

គ្រាន់តែលោកសម រង្ស៊ី ត្រូវបានអ្នកគាំទ្រគាត់នៅក្រៅប្រទេស ជ្រើសតាំងជា “ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ភ្លាម ស្រាប់តែក្រុមប្រឹក្សាឃុំ-សង្កាត់ មួយួចំនួននៅតាមខេត្តខ្លះ ជាពិសេសអតីតសកម្មជនបក្សសង្គ្រោះជាតិ ប្រមូលផ្តុំគ្នាគាំទ្រលោកសម រង្ស៊ី ដោយស្រែកជយឃោស មិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ច។ ចំណែកលោកគង់ គាំ អតីតសហការីជំនិតលោកសម រង្ស៊ី បានហៅសកម្មភាពពួកប្រឆាំង នៅក្រៅប្រទេសថា “រណសិរ្ស សម រង្ស៊ី” ដូច្នេះបើមានឈ្មោះថា រណសិរ្ស យ៉ាងនេះ ច្បាស់ជាមេប្រឆាំងធំជាងគេនោះ ប្រើ “យុទ្ធសាស្ត្រត្រីបក” វាយប្រហារមកលើ “ក្តារអុកបក្ស កាន់អំណាច” (CPP) មិនខាន ដែល “នគរធំ” ក្តាប់បាន ក៏លើករឿង “ត្រីបក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ប្រជាពលរដ្ឋខ្មែរ ជាពិសេសតាៗភាគច្រើន ចេះលេង “អុកចត្រង្គ” ប៉ុន្តែនៅពេលសាកសួរពីកូនអុកមួួយួៗ ជានិមិត្តរូបឱ្យអ្វី? គាត់ឆ្លើយមិនចំបញ្ហា គ្រាន់តែដឹងថា អានេះកូនគោល កូនសេះ កូនត្រី…។ តាមពិត “ចត្រង្គ” ជាល្បែងប្រពៃណីពីបុរាណ ក្លាយមកពី “បាសកា” ដែលព្រះមហាក្សត្រ នាហ្មឺនសព្វមុខមន្ត្រីចូលចិត្តលេងបំផុត។ ចត្រង្គ ក្លាយមកពី “ចតុរង្គ” មានន័យថា “ប្រកបដោយអង្គ៤” ដោយមានក្រឡា ៦៤ ឯបណ្តាកូនទាំង៣២ បែងចែកជា “កូនខុន” តំណាងឱ្យស្តេចទ្រង់រាជ្យ “កូននាង” តំណាងឱ្យព្រះអគ្គមហេសី, “កូនគោល” តំណាងឱ្យសេនាបតី ឬមេទ័ព កូនសេះ កូនទូក កូនត្រី ទុកជាសេនារេហ៍ពល។ របៀបលេង ឈ្នះចាញ់លើល្បិច និងប្រាជ្ញាវាងវៃ ហើយចាប់ផ្តើមដំបូង គេត្រូវបញ្ជូនពលរេហ៍ កូនទូក កូនត្រី ឱ្យចូលរណសិរ្ស ដើម្បីបញ្ឆោតគូប្រកួតឱ្យស៊ីសិន លុះមានចន្លោះប្រហោង គេអុកយកខុន តែម្តង បើត្រីធម្មតា មិនសូវអីទេ ប៉ុន្តែបើប៉ះ “ត្រីបក” ខ្លាំងណាស់ គេប្រយ័ត្នបំផុត។

យ៉ាងណាមិញ បើមានការដាក់ឈ្មោះចលនាលោកសម រង្ស៊ី នៅក្រៅប្រទេសថា ជា “រណសិរ្ស សម រង្ស៊ី” នោះ ច្បាស់ជាប្រធានរណសិរ្ស ចាប់ផ្តើមប្រើ “យុទ្ធសាស្ត្រត្រីបក” មុនគេ ដើម្បីធ្វើឱ្យមានភាពរំជើបរំជួលក្នុងប្រទេស។ គ្រាន់តែមេប្រឆាំងធំជាងគេនោះ ប្រកាសសុពលភាពជា “ប្រធានស្តីទី” ស្រាប់តែនៅក្នុងប្រទេសឯណេះ មានសកម្មជន ជាពិសេស អតីតនៅសង្កាត់-មេឃុំ CNRP មួយចំនួន ប្រមូលផ្តុំគ្នាទទួលស្គាល់ការតែងតាំងលោកសម រង្ស៊ី និងបង្ហាញគោលជំហរប្រឆាំងបក្សកាន់អំណាច យ៉ាងចេញមុខតែម្តង ដោយលេចឡើងគួរឱ្យចាប់អារម្មណ៍នៅខេត្តបាត់ដំបង ប៉ៃលិន។ សកម្មភាពនេះ មិនខុសពីការលេងចត្រង្គ នោះទេ ខណៈដែលគូប្រកួត រុញកូនត្រីឱ្យវាយលុក បើសិនជាគូប្រកួតម្ខាងទៀត ភ្លាត់ស្នៀត ប៉ះ “យុទ្ធសាស្ត្រ ត្រីបក” នឹងចាញ់គេមិនខាន។

យ៉ាងណាមិញ លោកសម រង្ស៊ី ក៏ដូចសកម្មភាពដែលជួបជុំគ្នាតាមមូលដ្ឋាន សុទ្ធតែដឹងខ្លួនជាស្រេចថា “គង់តែសមត្ថកិច្ចចាប់ខ្លួនមិនខាន” ប៉ុន្តែគេហ៊ានចំណាយពលរេហ៍ឱ្យរដ្ឋាភិបាលចាប់ ដើម្បី “រកផ្លូវចូល”។ បានន័យថា ពួកប្រឆាំង កំពុងរុញមនុស្ស ថ្នាក់ក្រោម ធ្វើសកម្មភាពប្រឆាំងបណ្តើរៗ ធ្វើយ៉ាងណាឱ្យបក្សកាន់អំណាច ទ្រាំមិនបាន បញ្ជាឱ្យចាប់ខ្លួនសកម្មជនទាំងនោះ ហើយបើសិនជាមានការចាប់ខ្លួនមែន អាចចូលក្នុង “យុទ្ធសាស្ត្រត្រីបក” ពិបាករើ។ ត្រីបក គេប្រើល្បិចពឹងពាក់លើសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ជាពិសេស ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះឯង។ ដូច្នេះ បើសកម្មភាពទាំងនោះ “ធ្វើសកម្មភាពឱ្យចាប់” ប៉ុន្តែ CPP “កុំទាន់អាលចាប់” ទើបអាចគេចផុតពី “យុទ្ធសាស្ត្រត្រីបក” នេះ។

គ្រាន់តែ “បម្រាមនយោបាយ” ត្រូវរដ្ឋសភា អនុម័តភ្លាម យើងឃើញថា ទោះបីជាពួកប្រឆាំង បែងចែកជាខ្សែសម រង្ស៊ី ខ្សែកឹម សុខា មិនស្របយោបល់គ្នាក្នុងការតែងតាំងលោកសម រង្ស៊ី ជាប្រធានស្តីទី  តែអ្នកជាប់បម្រាម១១៨នាក់នោះ ទោះជាខ្សែខាងណាក៏ប្រកាសថា “ទាល់តែដោះលែងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ” ទើបពួកគាត់ព្រមទទួលយកដំណោះស្រាយដកបម្រាមនយោបាយនោះ។ ពួកប្រឆាំង ខ្សែកឹម សុខា ដែលរក្សាគោលជំហរ “គោរពលក្ខន្តិកៈ CNRP” គឺមានន័យថា “មិនគោរពសាលដីកាតុលាការកំពូល” ដែលរំលាយខ្មោចបក្សនេះជាង១ឆ្នាំទៅហើយ។ ដូច្នេះការអូសទាញអតីតមន្ត្រីប្រឆាំង ឱ្យដាក់ពាក្យសុំសិទ្ធិនយោបាយនោះ ដូចអូសប្ញស្សីច្រាសចុង បង្កភាពរញ៉េរញ៉ៃណាស់។

ឆ្លៀតឱកាសភាពច្របូកច្របល់ផ្ទៃក្នុងបែបនេះ ស្រាប់តែអតីតចៅសង្កាត់-មេឃុំ ខ្លះនៅខេត្តបាត់ដំបង ប៉ៃលិន ណាត់ជួបធ្វើសកម្មភាពផឹកស៊ីស្រែកហ៊ោគាំទ្រ “រណសិរ្សសម រង្ស៊ី” នោះ មិនទាន់មានការបង្ក្រាបនៅឡើយ ទំនងជា CPP មើលយល់ពី “យុទ្ធសាស្ត្រត្រីបក” ដែលលោកសម រង្ស៊ី ចាប់ផ្តើមបញ្ជូនមក។ សមត្ថកិច្ចខេត្តបាត់ដំបង កំពុងនៅស្ងៀមស្ងាត់ ទោះជាពួកអតីតសកម្មជន CNRP ស្រែកដៀមដាមឱ្យបក្សកាន់អំណាច ក៏ប៉ូលិសគ្មានប្រតិកម្ម។ ផ្ទុយទៅវិញ បើសមត្ថកិច្ចខេត្តបាត់ដំបង ចាប់វ៉ៃខ្នោះអ្នកស្រែកជយឃោសទាំងនោះ យកទៅញាត់ទ្រុង អាចដើរជាន់ក្រឡាអុកលោកសម រង្ស៊ី មិនខានឡើយ។ ដោយហេតុថា ចៅសង្កាត់-មេឃុំ ក៏ដូចសកម្មជនសល្អិតល្អោចទាំងនោះ “មិនជាប់បម្រាមនយោបាយ” ដូច្នេះពួកគេនៅតែមាន “សិទ្ធិធ្វើនយោបាយ និងសេរីភាពក្នុការបញ្ចោញមតិ”។ ស្របពេលដែល CPP កំពុងបន្ទន់ឥរិយាបថ ដើម្បីទប់ទល់នឹងសម្ពាធអន្តរជាតិផងនោះ ទោះបីជាពួកប្រឆាំងមួយចំនួន ធ្វើសកម្មភាពយ៉ាងណា ក៏គេបាំងដៃមើលសិន។

មេហ្វូងស្វា នៅពេលឃើញខ្លាដើរមក ក៏រុញកូនចៅខ្លះទម្លាក់ពីលើដើមឈើ ទៅឱ្យខ្លាស៊ី ក៏ប្រហាក់ប្រហែលនឹង “រុញកូនត្រី” ឱ្យគូប្រកួតស៊ី ដើម្បីរកផ្លូវរុលទៅមុខ។ ដូចគ្នានេះដែរ លោកអារីស្តូត (Aristote) ទស្សនវិទូក្រិក បានបន្សល់ទុកទ្រឹស្តីបញ្ជាទ័ពថា “បញ្ជាត្រូវមានតែមួយ។ ពលទាហានស្តាប់បង្គាប់តែមេម្នាក់ប៉ុណ្ណោះ បើបញ្ជាច្រើន ពុំមែនជាជ័យជម្នះទេ” (Le commandement de plusieurs n´est pas bon il ne faut q´un seul chef)។ ជាពិសេស ទ្រឹស្តីអារីស្តូត បញ្ជាក់ថា “សេចក្តីក្លាហានខ្លះ កើតមកពីខឹងច្រឡោត សូម្បីតែសត្វលា ក៏មានសេចក្តីក្លាហានដែរ បើគេទុកវាឱ្យឃ្លានខ្លាំង លុះវាជួបវាលស្មៅខ្ចី ទោះជាម្ចាស់វាយយ៉ាងណា ក៏វាមិនចេញពីវាលស្មៅនោះទេ”។

យ៉ាងណាមិញ ការដកតំណែង ដកប្រាក់ខែ ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់អតីត CNRP ៥០០៧នាក់ (មិននិយាយពីអ្នកចុះចូល) ធ្វើឱ្យពួកនោះ មានកំហឹងដូចសត្វលា អត់ស្មៅ លុះមានបញ្ជាចេញពីមេប្រឆាំង ក៏សុខចិត្ត “ធ្វើកូនត្រី” ដើរលើ “ក្រឡាអុកនយោបាយ” តាម “យុទ្ធសាស្ត្រត្រីបក”។

ពពួកកូនត្រីទាំងនោះ មិនខ្លាចជាប់គុក ព្រោះតែកំហឹង ងាយស្រួលដល់ការរុញបញ្ចូល ប៉ុន្តែគេទុក “កូនគោល” ឱ្យសម្ងំស្ងៀមសិន។ កូនគោលសំខាន់ៗ ដូចលោកប៉ុល ហំម ជាដើម ឃើញនៅតែស្ងៀម ទោះជាអ្នកកាសែតសុំសម្ភាសក៏គាត់ថា “មិនបានដឹងរឿងអីផង”។ ការដែលកូនគោល ថាមិនដឹងរឿងអីបែបនេះ មិនធម្មតាទេ បើសិនជាកូនត្រី ត្រូវគេអុកយកអស់ ច្បាស់ជាកូនគោលហ្នឹង លោតមកបន្តវេនប្រយុទ្ធទៀត។

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ល្បីយូរហើយខាងលេងចត្រង្គ មិនសូវចាញ់គូប្រកួតទេ ដូច្នេះសម្តេចអាចមើលស្គាល់ “យុទ្ធសាស្ត្រត្រីបក” ដែលលោកសម រង្ស៊ី កំពុងលេងយ៉ាងច្បាស់។ ដើម្បីទប់យុទ្ធសាស្ត្រនេះ ប្រហែលជាគ្មានបញ្ជាឱ្យចាប់ខ្លួនពួកប្រឆាំងល្អិតល្អោច ដែលនាំគ្នាបង្ហោះហ្វេសប៊ុកឆ្លើយឆ្លងគ្នា និងណាត់ជួបគ្នាស្វាគមន៍លោកសម រង្ស៊ី នោះឡើយ។ បើគេបញ្ជូនកូនត្រីឱ្យស៊ី ចេះតែស៊ីមិនមើលមុខក្រោយ អាចមានចន្លោះប្រហោង ឱ្យកូនគោល ដែលកំពុងសំងំនោះ វាយលុកជាយថាហេតុ។

សរុបទៅ “យុទ្ធសាស្ត្រត្រីបក” គឺសំដៅដល់សកម្មភាពរបស់មេឃុំ-ចៅសង្កាត់ សកម្មជន CNRP មួយចំនួន ដែលកំពុងធ្វើសកម្មភាពគាំទ្រចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស។ លោកគង់ គាំ បានហៅចលនាក្រៅប្រទេសថា “រណសិរ្ស សម រង្ស៊ី” ដូច្នេះបើមានឈ្មោះ “រណសិរ្ស” មានន័យថា “ក្បាលទ័ព” ហើយបើមានក្បាលទ័ព ត្រូវតែមាន “កងទ័ព”។ កងទ័ព មាន២ប្រភេទ គឺ “ប្រដាប់អាវុធ” និង “ដៃទទេ” ដូចគេលេងចត្រង្គ បើគូប្រកួតប្រើយុទ្ធសាស្ត្រ “ត្រីបក” លុះត្រាតែភាគីម្ខាង “កុំទាន់អាលស៊ី” ទើបបាន។ យុទ្ធសាស្ត្រនេះ “តេជោមាស តេជោយ៉ត” ធ្លាប់យកមកប្រើ មានប្រសិទ្ធភាពណាស់ ដែលជាបរិបទសម្រាប់អ្នកនយោបាយសម័យនេះ ពិចារណា…៕

RELATED ARTICLES