Friday, April 26, 2024
Homeព័ត៌មានជាតិ“ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” ប្រុសបោកទាំងខ្លួន អស់ទាំងលុយ

“ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” ប្រុសបោកទាំងខ្លួន អស់ទាំងលុយ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយកូន២ម្នាក់ បានលង់ស្នេហ៍ជាមួយនឹងប្រុសកំហូចម្នាក់តាមហ្វេសប៊ុក និងត្រូវបានប្រុសព្រានលួងលោមសុំស្នេហ៍ចង់បានជាប្រពន្ធ រហូតដល់ណាត់ជួបគ្នាក្នុងផ្ទះសំណាក់ និងបានរួមរស់នឹងគ្នាដូចប្តីប្រពន្ធជាច្រើនថ្ងៃ ទីបំផុត ឆ្លៀតពេលដែលខាងស្រីរវល់ចូលបន្ទប់ទឹក ប្រុសព្រានជើងល្អក៏ប្រមូលរបស់ទ្រព្យខាងស្រីរត់គេចខ្លួនបាត់ស្រមោល ធ្វើឱ្យស្ត្រីរងគ្រោះយំសោកបោកខ្លួន ព្រោះតែមិននឹកស្មានថា ស្នេហ៍ប៉ះប្រុសព្រាន បោកយកទាំងខ្លួនប្រាណ និងលុយកាក់គ្មានសល់។

ករណីស្ត្រីមេម៉ាយផុងខ្លួនជាមួយប្រុសព្រាន រហូតដល់អស់ពីខ្លួន សល់តែទឹកភ្នែកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចកណ្តាលក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះដែលត្រូវប្រុសព្រានបោកគ្មានសល់ មានឈ្មោះឡត មុំ អាយុ៣៧ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ មានលំនៅក្នុងភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកប្រុសព្រានជើងល្អ មានឈ្មោះវ៉ាន់ និងមានអាយុប្រមាណជាង៣០ឆ្នាំ មិនដឹងពីកន្លែងរស់នៅពិតប្រាកដនោះទេ។

ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងអស់សង្ឃឹមប្រាប់ថា នៅមុនពេលកើតហេតុ នាងបានស្គាល់ជាមួយនឹងបុរសឈ្មោះវ៉ាន់ តាមហ្វេសប៊ុក លុះទាក់ទងឆាតចុះឆាតឡើងជាមួយគ្នាយូរទៅ ស្រាប់តែខាងប្រុសបានព្រលយពាក្យតាមសុំស្នេហ៍នាងរហូត ទោះជានាងប្រាប់ថា នាងមិនមែនក្រមុំ ជាមេម៉ាយមានកូន២នាក់ទៅហើយក្តី ក៏ខាងប្រុសនៅតែប្រាប់ថាស្នេហ៍ ហើយអះអាងថា រូបគេក៏ជាពោះម៉ាយដូចគ្នា ហេតុនេះសមនឹងពាក្យថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” តែម្តង។

ស្ត្រីរងគ្រោះ បន្តថា ក្រោយពីត្រូវប្រុសព្រានអន្ទងសុំស្នេហ៍អស់រយៈពេល១ខែមក នាងក៏លង់ជឿសម្តីរបស់គេ ដោយនឹកស្មានថា គេស្រលាញ់នាងដោយចិត្ត និងចង់បាននាងធ្វើជាប្រពន្ធពិតប្រាកដ ទើបនាងក៏យល់ព្រមឆ្លើយថាអូខេ ទៅខាងប្រុសវិញ។ បន្ទាប់មក ប្រុសព្រានរូបនេះ បានលួងលោមបបួលនាងឱ្យចេញទៅធ្វើការនៅប្រទេសថៃ និងបានតម្រូវឱ្យនាងរកប្រាក់ចំនួន១ម៉ឺនបាត ដើម្បីរៀបចំធ្វើលិខិតឆ្លងដែន ហើយនៅខ្វះប៉ុន្មានគេជាអ្នកជួយចេញជំនួសនាង។ ទីបំផុត ដោយសារតែជឿលង់សម្តីប្រុសព្រាន ទើបនាងហ៊ានវេចលុយ១ម៉ឺនបាត ឡើងមកប៉ោយប៉ែត ជួបប្រុសស្នេហ៍ដល់ផ្ទះសំណាក់ និងបានរួមរស់នឹងគ្នាដូចប្តីប្រពន្ធអស់ពេលជាច្រើនថ្ងៃ។ បន្ទាប់មក នៅពេលដែលនាងប្រគល់ប្រាក់១ម៉ឺនបាតទៅឱ្យខាងប្រុស ដើម្បីរត់ការធ្វើប៉ាស្ព័រចេញទៅប្រទេសថៃហើយ ស្រាប់តែខាងប្រុសបានប្រាប់ថា សាច់ញាតិរបស់គេម្នាកក៏ត្រូវទៅធ្វើការនៅស្រុកថៃដែរ និងខ្វះប្រាក់មួយចំនួន ទើបនាងបានខំទាក់ទងទៅម្តាយនៅឯស្រុក ឱ្យជួយដើររកចងការគេ រួចវេរលុយមកឱ្យនាងចំនួន៣ លានរៀលបន្ថែមទៀត រួចយកមកប្រគល់ឱ្យប្រុសព្រានទាំងអស់។

ស្ត្រីរងគ្រោះ បានបន្ថែមថា ដោយសារតែរង់ចាំជាច្រើនថ្ងៃហើយ នៅតែមិនទាន់បានចេញទៅថៃវិញទៀត ទើបនាងបានសួរនាំប្រុសស្នេហ៍ចង់យកលុយមកវិញ និងត្រូវប្រុសស្នេហ៍ថា ចាំគេដកលុយមកឱ្យ។  ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលនាងរវល់ចូលងូតទឹកនៅក្នុងបន្ទប់ទឹក ស្រាប់តែប្រុសព្រានបានប្រមូលយករបស់ទ្រព្យនាងគ្មានសល់ ហើយក៏ចាកចេញទៅបាត់ លុះនាងចេញពីបន្ទប់ទឹកមកវិញ បាត់ប្រុសស្នេហ៍ ក៏ដើរតាមរក និងបានទាក់ទងទូរស័ព្ទទៅសួរនាំ ក៏ត្រូវគេប្រាប់ថាឱ្យនាងទៅអង្គុយរង់ចាំនៅក្នុងបរិវេណវត្តបាលិលេយ្យ សិនទៅ ព្រោះគេត្រូវចេញទៅដកប្រាក់យកមកឱ្យនាងវិញ។ ទីបំផុត ប្រុសព្រានពិតជាបោកប្រាស់នាងមែន ហើយសូម្បីតែគណនីហ្វេសប៊ុក និងលេខទូរស័ព្ទរបស់ប្រុសស្នេហ៍ហេងស៊យនោះ គឺត្រូវគេបិទចោលទាំងអស់គ្មានសល់ឡើយ។

ក្រោយយកើតហេតុ ដោយសារតែឃើញស្ត្រីរងគ្រោះអង្គុយកើតទុក្ខបែបនេះ ទើបសមត្ថកិច្ចមូលដ្ឋានបានចុះសួរនាំ និងបានដឹកស្ត្រីរងគ្រោះ តាមម៉ូតូទៅកាន់ផ្ទះសំណាក់ស្ទឹងមាស ដែលជាប់ដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ដើម្បីសុំឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីរកមុខសញ្ញាជនសង្ស័យផងដែរ។ នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ស្ទឹងមាស គេឃើញរូបប្រុសព្រានខាងលើ កាន់កាបូប ខោអាវរបស់ស្ត្រីរងគ្រោះមកទុកចោលខាងក្រោម រួចគេចទៅបាត់។ ចំណែកស្ត្រីរងគ្រោះដោយសារតែគ្មានប្រាក់ ធ្វើដំណើរត្រឡប់ទៅស្រុកវិញ ក៏និយាយថា នាងចង់នៅរកការងារធ្វើក្នុងក្រុងប៉ោយប៉ែត ដើម្បីតាមរកមុខប្រុសព្រាន៕

RELATED ARTICLES