Thursday, May 9, 2024
Homeព័ត៌មានជាតិធ្វើសកម្មភាពជាង១០ដង នៅភ្នំពេញ... អស់លក្ខណ៍នៅបាត់ដំបង

ធ្វើសកម្មភាពជាង១០ដង នៅភ្នំពេញ… អស់លក្ខណ៍នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ជាមេខ្លោងក្រុមចោរប្លន់ដ៏កក្រើកនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនផងនោះ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត រួមទាំងមន្ត្រីមូលដ្ឋានផង ធ្វើការ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលជននេះបានព្យាយាមរត់មកសំងំលាក់ខ្លួននៅផ្ទះសាច់ញាតិ ក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។

មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា មុខសញ្ញាប្លន់ប្រដាប់អាវុធនេះ ឈ្មោះ ណយ សុផាន់ ហៅប៉ាន់ អាយុ២១ឆ្នាំ រស់នៅភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IB-7320។

ប្រភពដដែល បញ្ជាក់ថា ជនសង្ស័យនេះ ត្រូវបានចាប់ខ្លួនតាមរយៈក្មេងប្រុសម្នាក់ ដែលជននេះប្រើឱ្យទៅដកលុយជំនួស នៅកន្លែងវីងវេរលុយ ដែលជននេះប្រាប់ឱ្យមិត្តស្រីរបស់ខ្លួននៅភ្នំពេញ វេរលុយមកឱ្យខ្លួនចាយចំនួន១០ម៉ឺនរៀល។

យោងតាមចម្លើយបឋមរបស់ជនសង្ស័យ បានទទួលស្គាល់ចំពោះសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តជាមួយនឹងបក្សពួក តែជនសង្ស័យព្យាយាមបដិសេធថា រូបគេមិនមែនជាមេខ្លោងក្រុមប្លន់ប្រដាប់អាវុធទេ។

ដោយឡែក យោងតាមមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ បានបង្ហើបប្រាប់ថា ឈ្មោះ ណយ សុផាន់ ហៅប៉ាន់ នេះ រួមជាមួយគូកនប៉ុន្មាននាក់ទៀតដែលបានចាប់ខ្លួនក្រោយពេលកើតហេតុ គឺពួកគេធ្លាប់បានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត នៅជាយរាជធានី មិនតិចជាង១០លើកឡើយ។

ក្រុមនេះបានប្រើប្រាស់កាំភ្លើងខ្លីភ្ជង់ប្លន់ ឬជិះធាក់ម៉ូតូជនរងគ្រោះផ្តួល រួចភ្ជង់ប្លន់តែម្តង។ ប៉ុន្តែការចេញប្លន់ចុងក្រោយនេះ ក៏ត្រូវកម្លាំងជំនាញតាមចាប់បានប៉ុន្មាននាក់ ជាបន្តបន្ទាប់ ចំណែកឈ្មោះ ណយ សុផាន់ ហៅប៉ាន់ នេះ បានរត់គេចមកសម្ងំលាក់ខ្លួននៅផ្ទះសាច់ញាតិ ក្នុងទឹកដីឃុំស្នឹង ស្រុកបាណន់ ហើយកម្លាំងជំនាញធ្វើការស៊ើបអង្កេត រហូតកំណត់បាននូវមុខសញ្ញាប្លន់ដ៏កក្រើកនេះ ទើបកម្លាំងនាយកដ្ឋាន សុំកិច្ចសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្នឹង ស្រាវជ្រាវដល់មូលដ្ឋានដែលជនសង្ស័យនេះពួនសម្ងំរហូតឈានដល់ការបង្ក្រាបបានតែម្តង។

ក្រោយពីធ្វើការឃាត់ខ្លួនបាន កម្លាំងការិយាល័យជំនាញខេត្ត បានប្រគល់ជនសង្ស័យឱ្យកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នាំយកទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES