គីសដៃស្បូន ជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែរ (សម្បុកពង) ឬដៃស្បូន ដែលនៅសងខាងស្បូនស្ត្រី។
រោគសញ្ញា ៖
– ឈឺអាងត្រគាកស្ទុំៗនិងអាចរាលដាលទៅក្រោយ
– ឈឺអាងត្រគាក មុនចាប់ផ្តើមមករដូវ ឬពេលរួមភេទ (Dyspareunia)
– ក្អួតចង្អោរនិងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗព្រមទាំងក្អួតនិងក្តៅខ្លួន
– ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់។
មូលហេតុ ៖
មូលហេតុនៃជំងឺនេះកើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ :
១. Follicular cyst : ដោយវាពុំបានបញ្ចេញពងមេជីវិត។
២. Corpus luteum cyst : ពងមេជីវិតត្រូវបានបញ្ចេញប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។
ដុំគីសទាំងពីរប្រភេទនេះ(១និង២) មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល២ទៅ៣ខែបន្ទាប់។
៣. Dermoidcysts : ផ្សំទៅដោយជាលិកាផ្សេងៗដូចជា សក់ ស្បែក ឬធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់។
៤. Cystadenomas : ផ្សំដោយទឹករំអិលខាប់ៗដែលកើតចេញពីជាលិកាអូវែរ
៥. Endometriomas : ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិកាអង់ដូម៉ែត និងរីកធំធាត់នៅក្រៅស្បូន។
ផលវិបាក ៖
– ដុំគីសដែលកើតលើស្ត្រីចំណាស់ ក្រោយពេលអស់រដូវ អាចក្លាយជាមហារីក។
– Ovarian Torsion គឺដុំគីសដែលរមួល បណ្តាលឲ្យចុកពោះខ្លាំង។
– Ovarian Rupture គឺដុំគីសដែលបែករហែក បណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ។
ការព្យាបាល ៖
ការព្យាបាល គឺអាស្រ័យទៅតាមរោគសញ្ញា អាយុស្ត្រី ប្រភេទនិងទំហំគីស ៖
– ករណីធម្មតា (ប្រភទដុំគីសFollicular cyst និងCorpus luteum cyst) : អ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់ទេ។
– ករណីធ្ងន់ គឺតម្រូវឲ្យធ្វើការវះកាត់ ៖
● ការវះកាត់ដោយបើកពោះ (Laparotomie)។
● ការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic) : ការវះកាត់ដោយមានស្នាមរបួសតូច មិនសូវមានការឈឺចាប់ និងអាចបានត្រលប់ទៅផ្ទះឆាប់រហ័ស។
ការវះកាត់ទាំងពីរនេះមានប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។
បើសិនជាមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានគ្រូពេទ្យជំនាញឯកទេសនិងមធ្យោបាយគ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីស ឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាលសមស្រប៕
(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)