ជំងឺពងបែក មាត់ ដៃជើង (Hand-Foot-and-Mouth Disease) ជាជំងឺពងបែកមួយប្រភេទដែលកើតលើបាតដៃ បាតជើង និងនៅក្នុងមាត់កុមារ ដែលច្រើនជួបញឹកញាប់លើកុមារអាយុក្រោម ៥ឆ្នាំ។
👉ជំងឺនេះ បង្កឡើងដោយវីរុស ២ប្រភេទ ៖
– Coxsackievirus ដែលកើតមានញឹកញាប់ ហើយមានលក្ខណ:ស្រាល
– Enterovirus 71(EV-71) មានអត្រាកើតតិចតួច ប៉ុន្តែអាចវិវត្តធ្ងន់ធ្ងរ និងប៉ះពាល់អាយុជីវិតកុមារបាន។
👉ជំងឺនេះ ឆ្លងតាមរយ:ការក្អកកណ្តាស់ ឬតាមការប៉ះផ្ទាល់ជាមួយនឹងដំបៅ, ទឹករងៃ, លាមកក្មេងជាដើម។
រោគសញ្ញា ៖ ក្តៅខ្លួន, អស់កម្លាំង, ញ៉ាំអាហារថយចុះ, ឈឺក, កន្ទួលក្រហម ឬពងទឹកលើស្បែកបាតដៃ, បាតជើង និងនៅក្នុងប្រអប់មាត់។
ជំងឺនេះ ក៏អាចវិវត្តទៅជារលាកខួរក្បាល (Encephalitis), រលាកស្រោមខួរក្បាល (Aseptic meningitis) និងអាចបណ្តាលឲ្យកុមារស្លាប់ផងដែរ ដោយសារតែវីរុស EV-71។
ការធ្វើរោគវិនិច្ឆ័យ ដោយគ្រូពេទ្យជំនាញ និងអាចយកសំណាកខ្ទុះ,ទឹករងៃ នៅបំពង់ក ឬស្បែក ទៅពិនិត្យវិភាគ។
ការព្យាបាល ៖ មិនមានការព្យាបាលជាក់លាក់នៅឡើយទេ គឺព្យាបាលលើរោគសញ្ញាដែលកុមារមាន ដោយបន្ថយកម្តៅរាងកាយ, បន្ថយការឈឺចាប់, ការប្រើថ្នាំលាបសម្លាប់មេរោគលើស្បែកដំបៅ, កាត់បន្ថយការបាត់បង់ជាតិទឹកលើកុមារ។
វិធីការពារ ៖ ដោយសារតែជំងឺពងបែក ងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត ដោយការក្អក កណ្តាស់ ឬការប៉ះផ្ទាល់ ដូច្នេះត្រូវឧស្សាហ៍លាងសម្អាតដៃកុមារ, ចៀសវាងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ, ឲ្យកុមារមានជំងឺនេះ សម្រាកព្យាបាលនៅផ្ទះ ឬមន្ទីរពេទ្យ ដើម្បីចៀសវាងការចម្លងពីកុមារម្នាក់ ទៅម្នាក់ទៀត៕