Saturday, April 27, 2024
Homeសុខភាពហេតុអ្វីត្រូវពិនិត្យទារក រកមើលជំងឺបេះដូង ពីកំណើត?

ហេតុអ្វីត្រូវពិនិត្យទារក រកមើលជំងឺបេះដូង ពីកំណើត?

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសម្បូរជាងគេ ក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះ មានចំនួនច្រើន និងអាចវិវត្តទៅជាសះស្បើយដោយខ្លួនឯង ឬបន្ទាប់ពីធ្វើការវះកាត់។

ចំណែកភាពមិនប្រក្រតីនៃបេះដូង ប្រភេទធ្ងន់ អាចធ្វើឲ្យខ្សោយបេះដូង និងបាត់បង់ជីវិត ប៉ុន្តែអាចព្យាបាលបាន ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ នាពេលបច្ចុប្បន្ន បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ ឬមន្ទីពេទ្យ ឲ្យបានទាន់ពេលវេលា។

ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបាន ក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគត៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០ ទៅ ៩០% តែប៉ុណ្ណោះ។ ការធ្វើអេកូបេះដូង លើទារកក្រោយកើត ដែលធ្វើឡើងជារបៀបស្វែងរកជាលក្ខណៈទូទៅ គឺជាវិធីសាស្រ្តល្អ ដែលមានលទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ហើយម្យ៉ាងទៀត ជាវិធីសាស្រ្តងាយ និងមិនបង្កឲ្យមានការឈឺចាប់ តែតម្រូវឲ្យប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាព បទពិសោធន៍ច្បាស់លាស់។

ក្រោយការរកឃើញជំងឺបេះដូងពីកំណើត គ្រូពេទ្យឯកទេស នឹងធ្វើការណែនាំថា ត្រូវតាមដានបន្ត ឬត្រូវបញ្ជូន? បើជាលក្ខណៈប្រភេទស្រាល គ្រូពេទ្យអាចណាត់មកតាមដានមើលលើកក្រោយ ក្នុងរយៈពេល ១ខែ ២ខែ ៣ខែ ឬ៦ខែ ទៅតាមសភាពជាក់ស្តែង។ បើជាប្រភេទធ្ងន់ គ្រូពេទ្យនឹងធ្វើការបញ្ចូនទៅផ្នែកអគារបេះដូងកុមារ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលដោយថ្នាំ ឬដោយការវះកាត់។

ការពិនិត្យរកមើលជំងឺបេះដូងពីកំណើត ដោយវិធីសាស្រ្តអេកូបេះដូង លើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារ ឲ្យបានទាន់ពេលវេលា គឺជាការចាំបាច់បំផុត៕

(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES